ភ្នំពេញ ៖ នគរបាលជំនាញ បានចុះពិនិត្យឃើញមាន ជនបរទេស សរុបចំនួន៨នាក់ (ស្រី៥នាក់) រួមមាន ជនជាតិវៀតណាម ចំនួន៧នាក់ (ស្រី៥នាក់) ជនជាតិចិន ចំនួន១នាក់ប្រុស ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ បានចុះសហការជាមួយ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជីចុះត្រួតពិនិត្យ ជនបរទេស ដែលឆ្លងដែន និងធ្វើការខុសច្បាប់ស្ថិតនៅ ហាងកាហ្វេ ម៉ាស្សានិងកោសជប់ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ៕ ដោយ ៖ បញ្ញាស័ក្តិ