Monday, December 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងក្រសួងអភិវឌ្ឍន៍ជនបទវាយតម្លៃខ្ពស់ចំពោះកងវិស្វកម្មដែលបានស្ថាបនាផ្លូវនៅស្រុកអូររាំងឪ ត្រឹមត្រូវតាមបច្ចេកទេស១០០%មានគុណភាពបម្រើប្រយោជន៍សាធារណៈ

ខេត្តត្បូងឃ្មុំ៖ តាមរយៈការអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវដោយផ្ទាល់លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងស្ថាបនាផ្លូវមួយខ្សែក្នុងស្រុកអូររាំងឪ ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ១០០%។សម្រាប់បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋធ្វើដំណើរនិងដឹកកសិផលទៅកាន់ទីផ្សារដោយឆាប់រហ័ស។

ការថ្លែងវាយតម្លៃបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល លោកជំទាវដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃការងារជួសជុលស្តារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ៤,០០០ម៉ែត្រ ដែលស្ថិតនៅពីភូមិទួលសូភី ឃុំទួលសូភី ទៅភូមិចង្វា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្រោយពីបានពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ផ្នែកនៃផ្លូវ លោកជំទាវ ឯក គន្ធវារី បានបង្ហាញក្តីរីករាយ និងបានគូសបញ្ជាក់ថា ការងារសាងសង់នេះពិតជាមានភាពរឹងមាំ និងសោភ័ណភាព ដែលឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់ របស់អង្គភាពអនុវត្តគម្រោង គឺបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដោយមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំជាសេនាធិកា។ លោកជំទាវ និងគណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកការងារនេះទាំងស្រុង ដោយចាត់ទុកថា បានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារដែលក្រសួងកំណត់។

សូមបញ្ជាក់ថា គម្រោងនេះបានប្រើប្រាស់ថវិកាជំពូក ២១ ដោយមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំជាសេនាធិកា។ ផ្លូវនេះមានប្រវែង ៤គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ អមដោយការងារសិល្បការ្យសំខាន់ៗដូចជា៖ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួស, ការសាងសង់លូមូលមុខពីរ ៤កន្លែង, លូមូលមុខមួយ ៣កន្លែង, អណ្ដូងលូមានគម្រប ៦កន្លែង និងស្លាកឈ្មោះផ្លូវ ១កន្លែង ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែងាយស្រួលជាងមុន៕រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×