Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ទទួលបានជ័យលាភី«Best of the Best Cambodia>>>

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា សៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ» និង «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ដែល រៀបរៀង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភី “Best of the Best – Cambodia» ពី Gourmand Awards Best of the Best ១៩៩៥-២០២៥ (៣០ឆ្នាំ) នៅក្នុងកម្មវិធី The Saudi Feast Food Festival ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ -៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានអ្នកចូលរួមមកពីប្រមាណ ២០០ ប្រទេស ទូទាំងពិភពលោក។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសចេញផ្សាយ សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ កាលពីឆ្នាំ២០២១ និងសៀវភៅកេរដំណែល ស្នាដៃម្ហូបខ្មែរ ភាគ២ ក្នុងឆ្នាំ២០២៥ ក្នុងគោលបំលាំងលើកស្ទួយវិស័យការទូតអាហារ និងលើកកម្ពស់ កិត្យានុភាពជាតិ ស្របតាមយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួង។

ពានរង្វាន់ខាងលើជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ បន្ទាប់ពីសៀវភៅភាគ ១ ទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន «Best Asian Cookbook» ក្នុង ឆ្នាំ២០២១ «Best Asian Cuisine Book» និង «Heads of State/Food» ក្នុងឆ្នាំ២០២២ និង «Best Television Awards» ក្នុងឆ្នាំ២០២៣ ទន្ទឹមនេះ សៀវភៅភាគ២ ទើបនឹងទទួលបានពានរង្វាន់ «Special Award of the Jury» កាលពីខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ។

សៀវភៅម្ហូបទាំង ២ បានពិពណ៌នាយ៉ាងពិស្តារពីគ្រឿងផ្សំ មុខម្ហូប និងបង្អែមដែលជាទីពេញនិយម របស់ប្រជាជនខ្មែរំ តាមរយៈវិធីចម្អិនងាយៗ និងងាយស្រួលរកគ្រឿងផ្សំនៅបរទេស។

ការទទួលបានពានរង្វាន់ជាបន្តបន្ទាប់របស់សៀវភៅម្ហូបទាំង ២ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×