ខេត្តត្បូងឃ្មុំ: ជ្រូករស់សង្ស័យមានជំងឺត្រូវបានក្រុមឈ្មួញបង្វែរទិសដៅពីការដឹករថយន្តមកដឹកតាមម៉ូតូជំនួសវិញដោយក្នុងមួយម៉ូតូដឹកជ្រូកបានចំនួនពីរ ក្បាលត្រូវបានគេសង្កេតឃើញដឹកចេញពីវៀតណាម ចូលមកកម្ពុជាតាមច្រកត្រាចខោល ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ មិនឃើញមានការទប់ស្កាត់ពេលស្ថាប័នជំនាញពេទ្យសត្វនោះទេដោយបានបណ្ដែតបណ្ដោយឱ្យក្រុមឈ្មួញដឹកយកមកកាត់សាច់លក់តាមទីផ្សារនានាក្នុងស្រុកពញាក្រែក បើជ្រូកមានជំងឺធ្វើឲ្យប៉ះពាល់សុខភាពរបស់អ្នកទទួលទានទៀតផង។
តាមប្រភពពីបងប្អូនក្រុមអ្នកព័ត៌មានបានលើកឡើងថា: មានម៉ូតូចំនួន២ គ្រឿងបានដឹកជ្រូកចំនួន៣ក្បាលដោយក្នុងនោះមួយម៉ូតូដឹកពីរក្បាលចេញមកពីប្រទេសវៀតណាម ចូលតាមច្រករបៀងត្រាចខោល ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នាព្រឹកថ្ងៃទី២ធ្នូ ឆ្នាំ២០២៥ ហើយជ្រូកក្នុងមួយក្បាលត្រូវបង់ចំនួន ៥០០០រៀលឲ្យទៅមន្ត្រីប្រចាំនៅច្រកនោះ។ សកម្មភាពការដឹកជ្រូករស់សង្ស័យមានជំងឺនិងគ្មានច្បាប់ត្រូវបានក្រុមឈ្មួញដឹកមកតាមច្រកនេះរាល់ថ្ងៃដើម្បីយកទៅកាន់កន្លែងកាប់សាច់រួចត្រូវបានលក់ចែកចាយតាមផ្សារនានាក្នុងស្រុកពញាក្រែក នេះអាចជាភាពចន្លោះប្រហោងរបស់ជំនាញពេទ្យសត្វ។
លោកជឿន ចិត្ត ប្រធានការិយាល័យផលិតកម្មនិងបសុពេទ្យខេត្តត្បូងឃ្មុំបានប្រាប់ឲ្យដឹងថាកម្លាំងពេទ្យសត្វខេត្តមិនមានប្រចាំការនៅច្រកត្រពាំងផ្លុងនោះទេគឺមានតែកម្លាំងអគ្គពេទ្យសត្វ ដែលមកពីរាជធានីភ្នំពេញ ប្រចាំការតាំងពីមិនទាន់បំបែកខេត្តកំពង់ចាមមួយផ្នែកទៅជាខេត្តត្បូងឃ្មុំម្ល៉េះ។មន្ត្រីជំនាញរូបនេះបានលើកឡើងថារាល់ថ្ងៃមានតែការនាំចូលជ្រូកពីកម្ពុជាទៅវៀតណាម។ជាមួយនោះរូបលោកបានទទួលស្គាល់ថាកន្លងមកនៅប្រទេសវៀតណាមបានផ្ទុះជំងឺប៉េះជ្រូកអាហ្វ្រិក ត្រូវបានក្រសួងកសិកម្ម មិនអនុញ្ញាតឱ្យនាំជ្រូករស់ចូលមកកម្ពុជានោះទេ ត្រូវតែមានវិធានការទប់ស្កាត់។ លោកថាជំងឺជ្រូកប្រភេទនេះជាជំងឺមួយដែលឆ្លងពីសត្វជ្រូកមួយទៅជ្រូកមួយទៀតលឿនបំផុត ពេលណាដែលយើងទិញសាច់ជ្រូកនេះមកចម្អិនធ្វើម្ហូបទទួលទាននោះមិនមានរសជាតិឆ្ងាញ់នោះទេហើយក៏មិនឆ្លងមកមនុស្សដែរ។ហើយមួយវិញទៀតបើជ្រូកដែលមានផ្ទុកនៅសារធាតុគីមី ចិញ្ចឹមឱ្យឆាប់ធំមានតែមន្ត្រីជំនាញ(ក.ប.ប)នោះទេ ដែលពិនិត្យទើបដឹង។ ក្រោយពីទទួលបានព័ត៌មាននេះរូបលោកនឹងចាត់ឱ្យមន្ត្រីក្រោមឱវាទចុះទៅឃ្លាំមើលនៅជ្រូក ដែលបាននាំចូលតាមច្រកត្រាចខោល ដើម្បីបង្ក្រាបព្រោះមិនមានច្បាប់។
លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំបានប្រាប់តាមទូរសព្ទឱ្យដឹងថារូបលោកមិនដែលបានទំនាក់ទំនងជាមួយក្រុមអគ្គពេទ្យសត្វប្រចាំច្រកត្រពាំងផ្លុងនោះទេ។ ជុំវិញករណីខាងលើភ្នាក់ងារយើងព្យាយាមសុំការបំភ្លឺពីកម្លាំងអគ្គពេទ្យសត្វរបស់ក្រសួងនារសៀលថ្ងៃទី២ធ្នូ ឆ្នាំ២០២៥ ពុំអាចទាក់ទងបានឡើយ។
ឯកឧត្តមវេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរុកាប្រមាញ់និងនេសាទធ្លាប់មានប្រសាសន៍លើកឡើងនៅក្នុងស្រុកអូររាំងឪថា កម្លាំងពេទ្យសត្វមានចំនួនតិចនាក់មិនអាចគ្រប់គ្រងតាមបន្ទាត់ព្រំដែនបានទេ ដូច្នេះមានតែកម្លាំងសមត្ថកិច្ចនោះហើយត្រូវរួមសហការជាមួយពេទ្យសត្វដើម្បីទប់ស្កាត់បទល្មើសនាំជ្រូកចូលដោយខុសច្បាប់៕រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី






