នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន(US-ASEAN Business Council) ដឹកនាំដោយលោក Jack Myint និងតំណាងក្រុមហ៊ុនធំៗជាសមាជិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ដល់ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចំពោះចំណាប់អារម្មណ៍បោះទុន និងពង្រីកការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស ដើម្បីជួយលើកស្ទួយបច្ចេកទេសកសិកម្ម កាត់បន្ថយចំណាយថ្លៃដើម និងជួយបង្កើនគុណភាពនិងបរិមាណផលិតកម្ម ដើម្បីធ្វើឱ្យវិស័យកសិកម្មកម្ពុជាមានភាពប្រកួតប្រជែង ហើយអាចឆ្លើយតបនឹងតម្រូវការនិងស្តង់ដារខ្ពស់របស់ទីផ្សារធំៗដូចជាអាមេរិក។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសុទិដ្ឋិនិយម និងគូសបញ្ជាក់ថាកម្ពុជា ត្រៀមរួចជាស្រេចក្នុងការស្វាគមន៍ បង្កើនភាពជឿជាក់ និងកសាងទំនុកចិត្តដល់វិនិយោគិនអាម៉េរិក ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ស្តែងចេញជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជំរុញវិស័យធុរកិច្ច និងផ្តល់ផលចំណេញទៅវិញទៅមកនៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








