Tuesday, December 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជធានីភ្នំពេញនិងខេត្តហ្វ៊ូជៀនបានឯកភាពគ្នា បង្កើតឲ្យមានការិយាល័យពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យការវិនិយោគកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ៖ខេត្តហ៊្វូជៀននៃសាធារណៈរដ្ឋប្រជាមានិតចិននិងរាជធានីភ្នំពេញ ជាខេត្តមួយដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា កាលពីឆ្នាំ២០២១ នឹងបង្កើតការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការវិនិយោគ នៅរាជធានីភ្នំពេញ ឱ្យកាន់តែមានកម្រិតធំជាងមុនបន្ថែមទៀត បើទោះបីខេត្តហ៊្វូជៀនបានវិនិយោគទុនច្រើនហើយនៅរាជធានីភ្នំពេញ។

នេះជាការបង្ហាញឲ្យឃើញក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០២៥នេះ រវាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ហ្វាង ឈុន (Huang Chun) ) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិន នៅបរទេស កិច្ចការបរទេស ជនជាតិភាគតិច និងសាសនា នៃសភាប្រជាជនខេត្តហ៊្វូជៀន នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីស្ថានភាពនិងភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដែលរាជធានីមួយនេះ ត្រូវបានពង្រីកជាច្រើនដង។រាជធានីភ្នំពេញ មានរោងចក្រវាយនភ័ណ្ឌជាច្រើន មានកម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រនេះប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត រាជធានីភ្នំពេញនិងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញ ចូល ដោយកម្ពុជាបានកំពុងជីកព្រែកហ្វូណន់តេជោ ដែលទំនិញទាំងនោះយើងនឹងត្រូវដឹកបញ្ជូនតាមផ្លូវទឹកនេះនាពេលខាងមុខ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ រាជធានីភ្នំពេញ ជាទីតាំងមួយយ៉ាងល្អប្រសើរបំផុលើការវិនិយោគ ទៅលើរោងចក្រវាយនភ័ណ្ឌ ដោយសារនៅរាជធានីភ្នំពេញ មានកម្លាំងពលកម្មច្រើន មិនចាញ់នៅតាមបណ្ដាខេត្ត ពោលគឺប្រជាពលរដ្ឋដែលមានអាយុ៣៥ ឆ្នាំចុះ មានប្រមាណជា៦០%ដែលជាកម្លាំងពលកម្មយ៉ាងសំខាន់បំរើលើវិស័យនេះ។ដូច្នេះឯកឧត្ដមស្នើរសុំឱ្យ ខេត្តហ្វ៊ូជៀន បន្តការវិនិយោគនៅរាជធានីភ្នំពេញឲ្យកាន់តែច្រើនបន្ថែមទៀត។ សំរាប់រាជធានីភ្នំពេញការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៥លានដុល្លារ គឺរដ្ឋបាលរាជធានីភ្នំពេញមានសិទ្ធិសម្រេចក្នុងការវិនិយោគនេះ។

ជាការឆ្លើយតបឯកឧត្តម ហ្វាង ឈុន (Huang Chun) ) ក្នុងឱកាសនោះក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តហ្វ៊ូជៀន ផងដែរ ដោយឯកឧត្តមបញ្ជាក់ថា៖ ខេត្តហ្វ៊ូជៀន គឺជាខេត្តមួយនៅជាប់នឹងមាត់សមុទ្រវែងជាងគេ ដែលមានផ្ទៃដីទំហំ១២.៤គីឡូម៉ែត្រការ៉េ មានទីក្រុងចំនួន៩ មានប្រជាពលរដ្ឋចំនួន៤២លាននាក់។សម្រាប់ GDP ខេត្ត នៅក្នុងឆ្នាំ២០២៤មានទំហំទឹកប្រាក់ប្រមាណ៥៧០០ប៊ីលានយន់ឬស្មើនឹង៩០០ប៊ីលានដុល្លារ។ក្នុងប្រជាពលរដ្ឋម្នាក់មាន GDP ប្រហែល៤.៨ម៉ឺនយន់ឬស្មើនឹង៨០០០ដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តម ហ្វាង ឈុន បានបន្តថា៖ក្នុងរយៈពេល៨ខែនេះ ខេត្តហ្វ៊ូជៀនបាននាំទំនិញ ចូលមកកម្ពុជា ចំនួន៦ពាន់លានយន់ កើនឡើង២៣% បើកធៀបនិងឆ្នាំ២០២៤។ ខេត្តហ្វ៊ូជៀនគឺជាខេត្តមួយដែលឯកឧត្តមប្រធានាធិបតីចិនលោកស៊ី ជិងពីង ធ្លាប់ធ្វើជាថ្នាក់ដឹកនាំខេត្តនេះដែរ ហើយខេត្តហ្វ៊ូជៀនក៏ជាខេត្តដែលផលិតនិងនាំរថយន្តអគ្គិសនីចេញ ទៅលក់នៅក្រៅប្រទេសច្រើនផងដែរ។

ជុំវិញការស្នើសុំឲ្យមានការវិនិយោគនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើន ឯកឧត្តម ហ្វាង ឈុន
បានមានប្រសាសន៍ថា៖ ប្រតិភូដែលអញ្ជើញមកនេះ ក៏ជាអ្នកវិនិយោគនៅរាជធានីភ្នំពេញផងដែរ ដូច្នេះឯកឧត្ដម ជំរុញឲ្យវិនិយោគគិនទាំងអស់បន្តការផ្សព្វផ្សាយនិងគៀងគរអ្នកវិនិយោគទុននៅខេត្តហ្វ៊ូជៀន ឱ្យមកវិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្ដមបញ្ជាក់ថា៖ ជនជាតិចិននៅទីក្រុងហ្វ៊ូជៀនបានមករកស៊ីនៅកម្ពុជា មាន ប្រមាណជាង២០ម៉ឺននាក់ ស្មើនឹងជាង១០០ក្រុមហ៊ុន។ ដើម្បីជំរុញឲ្យការវិនិយោគកាន់តែប្រសើរឡើងថែមទៀត រាជធានីភ្នំពេញនិងខេត្តហ្វ៊ូជៀនបានឯកភាពគ្នា ក្នុងបង្កើតឲ្យមានការិយាល័យពាណិជ្ជកម្មមួយនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×