Wednesday, December 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាជនមានពិការភាពកម្ពុជាលើកទី២៧និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ“បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម»

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្ញើសារចូលរួមអបអរសាទរជូនបងប្អូនក្មួយៗមានពិការភាព និងជនរួមជាតិ ជាទីស្រឡាញ់ ក្នុងឱកាស ដ៏នក្ខត្តឫក្សនៃការប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៧និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាមានមោទនភាព ដោយបានចូលរួមរៀបចំប្រារព្ធទិវាដ៏ឱឡារិកនេះ ជាមួយប្រជាជាតិទូទាំងពិភពលោក ជាការអបអរសាទរចំពោះជោគជ័យថ្មីៗនៃវិស័យពិការភាពដែលបង្ហាញ អំពីឆន្ទៈដ៏មោះមុតនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃប្រទេសនីមួយៗ ក្នុងការអនុវត្តអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងជនមានពិការភាព។

ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ សិទ្ធិនិងសុខុមាលភាពជនមានពិការភាពគ្រប់រូបដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយណាមួយឡើយ។

ស្ថិសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថិតក្នុងឱកាសដ៏ប្រពៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវគារវភក្ដីនិងកតញ្ញូតាធម៌ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល ជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់អំពីកូនចៅរបស់ព្រះអង្គដែលមានពិការភាព ដោយ បានប្រោសព្រះរាជទានព្រះរាជអំណោយដ៏វិសេសវិសាលថ្លៃថ្លាជាបន្តបន្ទាប់ដល់ជនមានពិការភាព។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេបាននិងកំពុងឈរជាសសរទ្រូងយ៉ាងរឹងមាំ ជាវីរបុរសជាតិផ្តល់នូវភាពកក់ក្តៅគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋគ្រប់រូប ជាអ្នកបង្កើតនិងរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព លើគ្រប់វិស័យ។

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានន័យថា “មនុស្ស» នៅតែជាអាទិភាពទី១ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នេះ ផ្តោតនិងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លា និងបរិសុទ្ធ បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិ ប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ បរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស ជនមានពិការភាព តាមរយៈការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្តជីវិតដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់” ជាមួយនឹងទស្សនវិស័យនិងគោលដៅដ៏ច្បាស់លាស់ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពិតជាមានមោទកភាព ក្រៃលែង ដោយបានឃើញវិស័យពិការភាពនៅកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ដូចដែលបានបង្ហាញ ឱ្យឃើញច្បាស់នៅក្នុងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា ដែលជាសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិសម្រេចបានក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនមានពិការភាពដោយផ្តោតលើការលើកកម្ពស់សមភាព ការកាត់បន្ថយនិងលុបបំបាត់ ការរើសអើង បង្កើនការយល់ដឹងអំពីពិការភាពឱ្យកាន់តែទូលំទូលាយ ការរៀបចំនិងកែសម្រួលផាសុកវត្ថុ ការរស់នៅប្រកបដោយភាពសុខដុមរមនានិងភាពធន់ក្នុងសហគមន៍ បង្កើនការផ្តល់និងទទួលបាននូវឧបករណ៍ ទ្រទ្រង់រាងកាយសម្រាប់ការចល័តទីផ្ទាល់ខ្លួន ការធានាបាននូវការគោរពភាពជាឯកជនរបស់បុគ្គល ការផ្តល់ និងជួសជុលលំនៅឋាន ការគាំទ្រនិងលើកទឹកចិត្តឱ្យរៀបអាពាហ៍ពិពាហ៍ដើម្បីបង្កើតគ្រួសារ ការបង្កើតនិងពង្រឹង គុណភាពអប់រំទាំងកម្មវិធីអប់រំបរិយាបន្ននិងអប់រំពិសេស ការផ្តល់និងការទទួលបានសេវាសុខភាពនិងស្តារ លទ្ធភាពពលកម្មដោយមិនគិតថ្លៃនិងមានលក្ខណៈគ្របដណ្តប់ ការលើកកម្ពស់ជីវភាពសមរម្យតាមរយៈការផ្តល់ ឱកាសទទួលបានការងារនិងមុខរបរសមស្របទៅតាមចំណេះដឹងនិងជំនាញ ការលើកទឹកចិត្តនិងជំរុញការចូលរួម ក្នុងជីវភាពនយោបាយនិងឱកាសក្លាយជាអ្នកដឹកនាំ ការសម្របសម្រួលឱ្យមានការរៀបចំនិងចូលរួមសកម្មភាពសង្គមនានាដូចជា សិល្បៈ វប្បធម៌ សាសនា វិស្សមកាល លម្លែកាយ និងកីឡា ការបង្កើនការផ្តល់និងការទទួលបាន សេវាយុត្តិធម៌ ការចាត់វិធានការម៉ឺងម៉ាត់ចំពោះការបោះបង់ទារកមានពិការភាពជាការគោរពសិទ្ធិរស់រានមានជីវិត ការផ្តល់អន្តរាគមន៍ទាន់ពេលវេលាទាំងមុនពេល អំឡុងពេល ផ្នែកមនុស្សធម៌ និងក្រោយពេលមានស្ថានភាពហានិភ័យនិងបន្ទាន់ បង្កើនភាពងាយស្រួលក្នុងការផ្តល់និងទទួលបាននូវឯកសារអត្រានុកូលដ្ឋានគ្រប់ប្រភេទ បង្កើនបរិយាកាសយ៉ាងទូលំទូលាយក្នុងការបញ្ចេញមតិយោបល់និងឱកាសទទួលបានព័ត៌មានសង្គម ការចាត់ រាល់វិធានការផ្លូវច្បាប់ក្នុងការការពារនិងទប់ស្កាត់រាល់សកម្មភាពធ្វើបាប អំពើឃោរឃៅ អមនុស្សធម៌ បន្ទាបបន្ថោក ឬការដាក់ទារុណកម្ម ការកេងប្រវញ្ច រំលោភបំពាន និងអំពើហិង្សាជាដើម ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ។

លើសពីនេះទៀតជាការរួមចំណែកក្នុងការលើកកម្ពស់វឌ្ឍនភាពសង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈយ៉ាងស្រួចស្រាវនិងស៊ីជម្រៅសម្រាប់ក្រសួង ស្ថាប័នសាធារណៈនានា តាមរយៈការអនុវត្តវិធានការគន្លឹះចំនួន៣ គឺ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ (២) ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់ គុណភាពការងារ និង (៣)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។

គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយកជនមានពិការភាពចូល បម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន១ ០៣៥នាក់ ជនមានពិការភាព កម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។ ដោយឡែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និង បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។ ហេតុនេះសរុបទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួល យកជនមានពិការភាពតាមអត្រាកំណត់នៃច្បាប់សរុបចំនួន១៤ ៤០៧នាក់ ឱ្យបម្រើការងារដោយទទួលបាន ប្រាក់ចំណូលនិងអត្ថប្រយោជន៍សង្គមទៅតាម មុខតំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និង ទេពកោសល្យរៀងៗខ្លួន។

គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះស្ត្រីចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន១៤១ ០៨៥នាក់។ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធកំណត់ អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ក្នុងគោលដៅកំណត់អត្តសញ្ញាណជនមានពិការភាព ឱ្យបានគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ប្រព័ន្ធនេះនឹងផ្តល់ទិន្នន័យគោលស្តីពីពិការភាពសម្រាប់ជាមូលដ្ឋាន ក្នុងការគិតគូរផ្នែកគោលនយោបាយគាំពារសង្គមនិងសង្គមកិច្ចផ្សេងទៀតទៅតាមតម្រូវការជាក់ស្តែង និង ទៅតាមវិស័យរៀងៗខ្លួន។ ជាក់ស្តែង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ គ្រួសារគោលបានចុះឈ្មោះក្នុងកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន៧១៧ ១៣២គ្រួសារ ក្នុងនោះជនមានពិការភាពដែលបានទទួលផលពី កម្មវិធីនេះមានចំនួន៥៤ ៨១៩នាក់ ដោយបានចំណាយថវិកាប្រចាំខែចំនួន ១០ ៣២១ ៥០០ ០០០រៀល ស្មើទំហំប្រមាណ ២,៥៨០,៣៧៥ ដុល្លារអាម៉េរិក។ ជាការកត់សម្គាល់ ជនមានពិការភាពមួយនាក់ទទួលបាន ប្រាក់ឧបត្ថម្ភចំនួន២៨ ០០០រៀល ក្នុងករណីជនមានពិការភាពជាជនចាស់ជរាផងនិងមានផ្ទុកមេរោគអេដស៍ ផងនោះ គាត់នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមគុណនឹង៣ដងក្នុងមួយខែ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្ត (១) ពង្រឹងយន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ក្រីក្រ ដែលបានធ្វើសមាហរណកម្មទៅក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីធានាថាក្រុម គោលដៅនេះទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលពិតប្រាកដ (២) ពង្រឹងយន្តការគាំពារពាក់ព័ន្ធនឹងពិការភាព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលត្រូវផ្តោតសំខាន់លើការស្តារនីតិសម្បទា និង (៣) ពិនិត្យ លទ្ធភាពក្នុងការគិតគូរផ្តល់ការគាំពារដល់ជនមានពិការភាព ដែលជាសមាជិកនៃគ្រួសារងាយរងហានិភ័យ ទៅតាមលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ។

គិតត្រឹមខែតុលា ឆ្នាំ២០២៥ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនមានពិការភាព ចំនួន៧៧ ៣៣៤នាក់ ស្ត្រីចំនួន២៥ ៥៨៦នាក់ ក្នុងនោះសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤០ ៦០៨នាក់ ស្ត្រី៧ ៤៨៦នាក់ និងស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រចំនួន៣៦ ៦៥៤នាក់។

ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៧និងអន្តរជាតិលើកទី៤៣ សម្តេចនាយករដ្ឋមន្រ្តី សូមធ្វើការអំពាវនាវដូចតទៅ៖

១- ក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបន្តផ្សព្វផ្សាយ តាមដាន និងវាយតម្លៃការអនុវត្ត -ផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨- ដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការ ដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធនានា។

២- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គ ពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំអនុវត្ត “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ឱ្យមាន ប្រសិទ្ធភាពនិងប្រសិទ្ធផល ដោយដាក់បញ្ចូលការងារពិការភាពទៅក្នុងគោលនយោបាយនិងកម្មវិធីអភិវឌ្ឍនានា របស់ខ្លួននិងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាសកម្មភាពជនពិការជាប្រចាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×