រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០១៖៤០នាទី កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ម៉េងស្រ៊ុន បានបង្រ្កាបករណីផលិត កែច្នៃ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តិនៅចំនួន៥គោលដៅ។
ចំពោះវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទកូកាអ៊ីន (Cocaine) ទម្ងន់ ១២,១៧៤.៨៩ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់៥,៨២១.៥៨ក្រាម, គ្រឿងញៀនប្រភេទ រុក្ខជាតិក្រៀម (កញ្ចា) ទម្ងន់ ៤៧៥.៤២ក្រាម, សារធាតុគីមីផ្សំ ទម្ងន់២២,៨៨៤ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ១៧,៩៩៦.៤៧ក្រាម (១៧គីឡូ៩៩៦,៤៧ក្រាម), សរុបរួមសារធាតុគីមីផ្សំ ទម្ងន់២២,៨៨៤ក្រាម (២២គីឡូ ៨៨៤ក្រាម) ព្រមទាំងចាប់យកសម្ភារៈរួមមាន៖ ឧបករណ៍សម្រាប់ផលិត និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី



