Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​លោក កឹម សុខា ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ តាម​ផ្លូវ​តុលាការ ជំនួស​ឲ្យ​វិធានការ នាំ​ការឃុំខ្លួន ជា​បណ្តោះអាសន្ន​

​ភ្នំពេញ ​៖ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ដោយ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​លោក​គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ ជំនួស​ឲ្យ​វិធានការនាំ​ការឃុំខ្លួ​ន​ជា​បណ្តោះអាសន្ន​។​

​យោង​តាម​ដី​ការសម្រេច​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ តាម​ផ្លូវ​តុលាការ​ចុះ​ថ្ងៃទី​៩​ខែ​កញ្ញា​ឆ្នាំ​២០១៨ របស់​ចៅក្រម​ស៊ើបសួរ គី ឫទ្ធី​, ការសម្រេច​នេះ គឺ​ផ្អែក​មួយ​ផ្នែក​លើ​ហេតុផល​ផ្នែក​សុខភាព របស់​ជន​ត្រូវ​ចោទ​។ ផ្អែក​តាម​ដីកា​សម្រេច​នេះ លោក​កឹម សុខា ក្នុង​ឋានៈ​​ជា​​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ក្តី​នៅ​តុលាការ ត្រូវបាន​អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ត្រូវបាន​ដាក់​ជាប់​កាតព្វកិច្ច​មួយ​ចំនួន ដើម្បី​បម្រើឲ្យ​ចំណាត់ការ​នីតិវិធី​បន្ត លើ​សំណុំរឿង​ដោយ​ចៅក្រម​។​

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ផង​ដែរ​ថា ករណី​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ដែល​ត្រូវបាន​ដាក់​ឱ្យ​ស្ថិតក្រោម ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ខាងលើនេះ ពុំមែន​ជា​ករណី នៃ​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះ​ទេ​។ ទន្ទឹមនឹងនេះ ការ​សម្រេច​​របស់​​ចៅក្រម​ស៊ើបសួរ ក្នុង​ការហាមឃាត់ ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា មិន​ឱ្យ​ចាកចេញ ពី​ព្រំប្រទល់​ដែន​ដី​ណាមួយ ជា​កំណត់ គឺជា​សិទ្ធិ​អំណាច​របស់​ចៅក្រម​ស៊ើបសួរ ដែល​ធ្វើឡើង​ស្របតាម មាត្រា​២២៣ កថាខណ្ឌ​ទី​២ ចំណុច​ទី​១ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដោយ​ផ្អែក​លើ​ហេតុផល ផ្នែក​សន្តិសុខ​សុវត្ថិភាព របស់​ជន​ត្រូវ​ចោទ និង​ដើម្បី​ធានាថា ជន​ត្រូវ​ចោទ​នឹង​មិន​រត់គេច​ខ្លួន​ពី​នីតិវិធី​តុលាការ​។ ក្នុងន័យនេះ ជន​ត្រូវ​ចោទ​មាន​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការ​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ក្នុង​ព្រំប្រទល់​ដែន​ដី ដែល​កំណត់​ដោយ​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ និង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​នានា ដែល​មិន​ស្ថិត​នៅក្នុង​ក្របខ័ណ្ឌ​បញ្ជី​នៃ​ការហាមឃាត់​របស់​តុលាការ​បាន គឺ​បុគ្គល​ដែល​អាច​មាន​ការពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​ជន​ត្រូវ​ចោទ ហើយ​ដែល​តុលាការ​កំពុងមាន​ចំណាត់ការ​។ ហេតុផល​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា គឺជា​រឿង​សំខាន់ ដែល​ចាំបាច់​ត្រូវ​មាន​ការចូលរួម​សហកា​រ​គ្នា​ជា​មុន រវាង​សមត្ថកិច្ច​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា បូករួម​នឹង​ការចូលរួម​របស់​ភាគី​ជន​ត្រូវ​ចោទ​ផងដែរ ដើម្បី​ចៀសវាង​យថាភាព​អាក្រក់​ណាមួយ ផ្នែក​សុវត្ថិភាព​លើ​រូប​ជន​ត្រូវ​ចោទ​កឹម សុខា ពី​តួអង្គ​ខាងក្រៅ​។​

​សូមបញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​វេលា​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​ដាក់​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយសារ​តែ​បញ្ហា​សុខភាព​របស់​លោក បន្ទាប់​ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​សុន្ទរកថា​របស់​លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ទទួលបន្ទុក​កិច្ច​ការបរទេស និង​គោល​នយោបាយ​សន្តិសុខ ថ្លែង​ទៅ​កាន់​សម័យប្រជុំ​សភា​អឺរ៉ុប ស្តីពី​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស លទ្ធិប្រជា​ធិបតេយ្យ និង​នីតិរដ្ឋ នៅ​កម្ពុជា​: យើង​ចង់​ឲ្យ​ភាព​ជា​ដៃគូ​នេះ​បន្តទៅទៀត ប្រយោជន៍​បន្ត​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ប៉ុន្តែ​វា​ត្រូវតែ​ច្បាស់​ថា​រដ្ឋាភិបាល​ត្រូវតែ​កែប្រែ​និន្នាការ​ថ្មីៗ បើ​ពុំនោះ​ទេ​ភាព​ជា​ដៃគូ​នេះ​មិន​អាច​ទៅ​រួច​ឡើយ​។ ការដោះលែង​ក្រៅ​ឃុំ​ថ្មីៗ​នៃ​លោក កឹម សុខា មេដឹកនាំ​គណបក្សប្រឆាំង គឺជា​ជំហាន​ដំបូង​មួយ​ដែល​វិជ្ជមាន ទោះបី​លោក​ត្រូវបាន​ដោះលែង​ស្ថិត​ក្រោម​លក្ខខណ្ឌ​រិត​ត្បិត​ខ្លាំង​ក៏ដោយ​។ ឥឡូវនេះ យើង​រំពឹង​ឲ្យមាន​ការទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំង​អស់ និង​ការដកចេញ​នូវ​ការ​រិត​ត្បិត​ទាំងអស់​ចំពោះ​លោក ហើយ​យើង​ស្នើរ​នាយករដ្ឋមន្ត្រី (​នៃ​កម្ពុជា​) និង​មេដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​រូបនេះ ចាប់ផ្តើម​ការសន្ទនា​មួយ​ជា​មធ្យោបាយ​ឆ្ពោះទៅមុខ​”​។ យើង​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​បទ​ចោទប្រកាន់ ជា​ចេតនា នយោបាយ​ប្រឆាំង​សកម្មជន​នយោបាយ ដែល​នៅ​សេសសល់​ទាំងអស់ និង​លុប​ចោល​បំរាម ធ្វើ​នយោបាយ​សម្រាប់​សមាជិក​ប្រឆាំង​ចំនួន ១១៨​នាក់​។ ក្រុមប្រឹក្សា​មូលដ្ឋាន​(​ក្រុមប្រឹក្សាឃុំ​)​ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស នៅ​ខែ​មិថុនា កាលពី​ឆ្នាំមុន ត្រូវតែ​ស្តារនីតិសម្បទា​ឡើងវិញ​។ យើង​ក៏​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​ដល់​ការវិលត្រឡប់ ដោយ​សុវត្ថិភាព នៃ​អ្នកនយោបាយ​ប្រឆាំង​និរទេស សកម្មជន​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិ​មនុស្ស​ទាំងអស់ ដែល​បាន​រត់​ភៀសខ្លួន​ដើម្បី​គេចផុត​ពី​ការចាប់ខ្លួន​។​

​សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្នុង​ឱកាស​បន្ដ​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី បាន​អះអាង​ថា លោក កឹម សុខា មិនទាន់រួច​ទោស​ណាមួយ​ទាំងអស់ ពោល​គ្រាន់តែ​ប្ដូរ​កន្លែង​ឃុំខ្លួន​ប៉ុណ្ណោះ ដោយ​ក្នុង​ហេតុផល​មនុស្សធម៌​។ ការនាំ​លោក កឹម សុខា មក​ដាក់​នៅក្នុង​ផ្ទះ ជា​ការសម្រេច​របស់​តុលាការ ដើម្បី​បន្ធូរបន្ថយ​បន្តិច មិន​មាន​សម្ពាធ​ណាមួយ​នោះ​ឡើយ សូម​មហាជន​កុំ​ភ័ន្ដច្រឡំ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​និយាយ​បន្ដិច​ដើម្បី​ឲ្យ​អ្នក​ទាំងឡាយ​ភ្លឺ​ភ្នែក ថ្ងៃមុន​សម្ដេច​ក្រឡាហោម ស ខេង បាន​និយាយ​ម្ដង​ហើយ ប៉ុន្ដែ​ថ្ងៃនេះ​ខ្ញុំ​គាត់​តែ​បញ្ជាក់ អត់​ទាន់​រួច​ទោស​ទាំងអស់ គ្រាន់តែ​ដូរ​ទី​តាំ​ង​ឃុំឃាំង​តែ​​ប៉ុណ្ណឹង​ទេ ក្រែងលោ​វា​ងាប់​ក្នុង​គុក វា​បង្កើត​រឿង​ដល់​រាជរដ្ឋាភិបាល ចឹង​ក្នុងគោលដៅ​មនុស្សធម៌ និង​រក្សា​សុវត្ថិភាព​ពិរុទ្ធជន​។​

​បន្ថែម​ពី​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ក៏​បាន​គូសបញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុជា មិនទាន់មាន​ច្បាប់​ឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះ​ទេ ដូច្នេះ​តុលាការ គ្រាន់តែ​កំណត់​តំបន់​មួយ​ឲ្យ​អ្នក​ដែល​ត្រូវ ជាប់​ឃុំ​នោះ​ស្នាក់នៅ ហើយ​តុលាការ​អាច​កំណត់ឲ្យ​នៅក្នុង​ផ្ទះ​តែ​ម្ដង​។

សម្តេច​តេជោ ហ៊ុន សែន ថា អាច​នឹង​មាន​ការពិចារណា​ក្នុង​ទិដ្ឋភាព​ច្បាប់​រៀបចំ​ឲ្យមាន​ការឃុំខ្លួន​មនុស្ស​នៅក្នុ​ង​ផ្ទះ ព្រោះ​កន្លែង​នេះអាច​ជា​ការ​ខ្វះ​ចន្លះ​នៅពេល​រៀបចំ​ច្បាប់​។​

សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​រក្សា​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា ដោយ​មិន​ឱនក្បាល​ចំពោះ​បរទេស​ណា​ទាំងអស់ ដែល​ចង់​មក​កៀប​កម្ពុជា​ព្រោះ​កម្ពុជា​មាន​សិទ្ធិ​ជា​ម្ចាស់ការ​លើ​ខ្លួនឯង​។ បរទេស​អាច​មក​ពន្យល់​កម្ពុជា​បាន ហើយ​កម្ពុជា​ក៏​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការពន្យល់​ត្រឡប់​ទៅ​វិញ​ដូច​គ្នា​ដែរ ព្រោះ​ប្រទេស​នី​មួយៗ​មាន​ហេតុ និង​ផល​ផ្សេងៗ​ពី​គ្នា​ទាំងអស់ មិន​អាច​អាង​ខ្លួន​ជា​ប្រទេស​ធំ​ចង់​កៀប​កម្ពុជា​បានឡើយ​។ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទោះជា​យ៉ាងណា​ក៏ដោយ យើង​ត្រូវ​រក្សា​អធិបតេយ្យ និង​ឯករាជ្យ​របស់​យើង គ្មាន​អ្នកណា​មក​បញ្ជា យើង​បាន​នោះទេ ហើយ​ប្រសិន​យើង​ឱនក្បាល​មួយពេល ជំពាក់​ត្រូវ​ឱន​១០០​ពេល​តទៅទៀត ខ្ញុំ​មិន​ឱនក្បាល​ដាក់​អ្នកណា​ទាំងអស់ៗ​៕ ​ដោយ​ ៖ ​កូឡាប​

    

×