ភ្នំពេញ ៖ ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី៦ខែធ្នូនេះថា អ្នកក្នុងវិស័យសិល្បៈទាំងឡាយគួរគប្បីសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ការលេងសម្តែងទម្រង់ការផ្សេងៗត្រូវគោរព និងអនុលោមតាមក្បួនខ្នាតបុរាណដែលបានកំណត់ទុកជាជាងបំបែកយកទៅលេងសើចខុសទម្រង់ដើម។
សំណេរទាំងស្រុងរបស់ឯកឧត្តម ហ៊ឺ វីរៈ មានខ្លឹមសារយ៉ាងដូច្នេះថា ៖ ” ក្រមសីលធម៌គឺជាតម្លៃស្នូលនៃអ្នកសិល្បៈ។ អ្នកដែលចាប់យកអាជីពនេះត្រូវប្រកាន់ខ្ជាប់ឱ្យបានគត់មត់ ចៀសវាងធ្វើនូវទង្វើខុសឆ្គងទាំងឡាយ ទោះបីមានចេតនា ឬអចេតនាក្តី ប៉ុន្តែវាប៉ះពាល់តម្លៃនៃសិល្បៈយ៉ាងធ្ងន់ធ្ងរ។
ដោយសង្កេតឃើញនូវការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃនៃក្រមសីលធម៌នៃអ្នកសិល្បៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញប្រកាសលេខ៦៤ប្រក ចុះថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ ស្ដីពីក្រមសីលធម៌នៃអ្នកសិល្បៈ និងកាតព្វកិច្ចនានា ឱ្យអ្នកក្នុងវិស័យសិល្បៈគោរពតាមដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងទប់ស្កាត់ផលប៉ះពាល់ ដែលមានលក្ខណៈអវិជ្ជមាន ចំពោះសិល្បៈប្រពៃណីជាតិ។
ក្រឡេកមកមើលសកម្មភាពសម្តែងក្នុងពិធីបុកល័ក្តដែលផ្ទុះការរិះគន់យ៉ាងច្រើនកាលពីម្សិលមិញនេះ យើងសង្កេតឃើញថាក្រុមសម្តែងពួកគាត់លេងជ្រុល ទាំងសម្តី និងកាយវិការ បញ្ចូលទម្រង់ការលើសទម្រង់ដើមក្នុងពិធីបុកល័ក្ត ហើយថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់បងប្អូនខ្មែរ-ឥស្លាមថែមទៀតផង។ សហគមន៍ខ្មែរឥស្លាមតែងតែទទួលបានការលើកកម្ពស់និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក ជាក់ស្តែង ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ បានសព្វព្រះរាជហឫទ័យប្រទាននាមថា «ខ្មែរ-ឥស្លាម» ក្រោយទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ក្នុងគោលបំណងដើម្បីឱ្យបងប្អូនឥស្លាម បានក្លាយជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ។
មួយវិញទៀត ក្នុងពិធីកាត់សក់បង្កក់សិរីបច្ចុប្បន្ន ក៏ឃើញមានការលេងជ្រុលហួសផងដែរចំពោះអ្នកសម្តែងមួយចំនួនទាំងសម្តីសំដៅ និងកាយវិការ ដូចជាអ្នកសម្តែងលេងសើចជ្រុលជាមួយអ្នកកំដរកូនកម្លោះក្រមុំ(មានការឱបថើប) ការប្រើពាក្យចំអេសចំអាសទាំងន័យចំនិងន័យធៀប ការធ្វើឆ្កួតធ្វើជាទាមទារចំណាប់អារម្មណ៍ជាដើមដើម្បីឱ្យមានការសើចរីករាយសប្បាយ។ សម្តែងយូរៗក៏ក្លាយទៅជាទម្លាប់ពីម្នាក់ទៅម្នាក់ ពេលខ្លះយកអ្នកសម្តែងដើម្បីនិយាយកំប្លែង មិនជ្រើសរើសអ្នកដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីសាលាទៀត លែងខ្វល់ធាតុដើមនៃពិធីមង្គល គេធ្វើដើម្បីសិរីសួស្តីសម្រាប់ម្ចាស់សាមីនៃពិធី។
ក្នុងន័យនេះចង់បញ្ជាក់ថា អ្នកក្នុងវិស័យសិល្បៈទាំងឡាយគួរគប្បីសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ការលេងសម្តែងទម្រង់ការផ្សេងៗត្រូវគោរព និងអនុលោមតាមក្បួនខ្នាតបុរាណដែលបានកំណត់ទុកជាជាងបំបែកយកទៅលេងសើចខុសទម្រង់ដើម និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវដូចក្រសួងបានប្រកាសឱ្យអនុវត្តជាដើម នោះមានសេចក្តីថាយើងកំពុងលើកកម្ពស់តម្លៃខ្លួនឯង តម្លៃសិល្បៈ ជាពិសេសតម្លៃជាតិសាសន៍យើងឱ្យល្អប្រសើរឡើងហើយ។
“រនាបបាក់យករនាបជួស សម្តី និងកាយវិការជ្រុលហួសមិនអាចយកអ្វីមកជួសបាន ពាក្យសុំទោសទោះរៀបរាប់ប៉ុន្មាន មិនអាចលុបដានដែលបានដៅនៅក្នុងចិត្តទេ។”៕ រក្សាសិទ្ធដោយ៖សុទ្ធលី






