សៀមរាប-បាត់ដំបង : នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ និងតាមកិច្ចពិភាក្សារួមគ្នាក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី១១ ខែសីហា ឆ្នំា២០២៥ កន្លងមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូពីក្រសួងទេសចរណ៍ និងសហភាពអឺរ៉ុបប្រចាំកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងវាយតម្លៃជាក់ស្តែងពីសក្តានុពលទេសចរណ៍ បញ្ហាប្រឈម និងកាលានុវត្តវិនិយោគនៅសហគមន៍អេកូទេសចរណ៍ព្រែកទាល់ដែលស្ថិតនៅក្នុងតំបន់ជីវៈចម្រុះរបស់បឹងទន្លេសាប ក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានជួបសំណោះសំណាល ស្តាប់ពីសំណូមពរ និងផ្តល់នូវអនុសាសន៍ដល់ប្រជាជនមូលដ្ឋាន សមាជិកសហគមន៍ ក្រុមការងារអភិរក្ស និងអាជ្ញាធរមូលដ្ឋានពីស្ថានភាពសហគមន៍ជាក់ស្តែង ជីវភាពរស់នៅប្រចាំថ្ងៃ សកម្មភាពផ្តល់សេវាកម្មទេសចរណ៍ ក៏ដូចជាលទ្ធផលពីគម្រោងជួយអភិរក្សតំបន់ទន្លេសាបរបស់សហភាពអឺរ៉ុបកន្លងមក។
តាមរយៈការចុះជួបសហគមន៍ផ្ទាល់នៅមូលដ្ឋាន និងពិភាក្សាផ្លាស់ប្តូរយោបល់ស៊ីជម្រៅរួមគ្នា ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានទស្សនៈគំនិតរួមគ្នាថាតំបន់អេកូទេសចរណ៍កម្ពុជា ដូចជាសហគមន៍ទេសចរណ៍ព្រែកទាល់នេះ ពិតជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលដ៏ទាក់ទាញ តាមរយៈភាពចម្រុះរួមបញ្ចូលគ្នារវាងវប្បធម៌ ទំនៀមទំលាប់ ការរស់នៅសម្របតាមបរិស្ថានជុំវិញ និងធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេសគឺលក្ខណៈពិសេស និងប្លែកៗ របស់ខ្លួន ដូចជាតំបន់ព្រែកទាល់ជាឋាបណីយជីវមណ្ឌលទឹកសាបធំបំផុតនៅក្នុងបឹងទន្លេសាប និងជាទ្រនំសត្វស្លាបទឹកសាបជាច្រើនរយប្រភេទរួមទាំងប្រភេទដែលជាសត្វកម្រ និងប្រឈមនឹងការផុតពូជ ដែលទទួលបានការការពារ និងអភិរក្សជាសកល។
តាមរយៈកិច្ចសន្ទនាភាពជាដៃគូសហការមិនអាចខ្វះបាន ក្រសួងទេសចរណ៍ និងសហភាពអឺរ៉ុប ឯកភាពជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់តំបន់អេកូទេសចរណ៍កម្ពុជា ដូចជាតំបន់ព្រែកទាល់នេះឱ្យល្បីល្បាញ និងទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពីទ្វីបអឺរ៉ុប និងពិភពលោក ដើម្បីបានមកទស្សនាឱ្យកាន់តែច្រើន និងទទួលបានចំណេះដឹងបទពិសោធពីជីវៈចម្រុះដ៏សំបូរបែប សត្វស្លាបទឹកសាប ប្រពៃណី ការរស់នៅដែលសម្របនឹងរបបទឹកឡើង និងទឹកចុះ ម្ហូបអាហារដែលចម្អិនពីត្រីទឹកសាបដ៏ឆ្ងាញ់ពិសារ និងជាប្រភពវីតាមីន ពិសេសគឺអារម្មណ៍ស្រស់ថ្លាពីកំលាំងធម្មជាតិ សម្លេងបក្សី និងខ្យល់ជំនោរទន្លេដ៏ត្រជាក់ និងបរិសុទ្ធ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រី្ត បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាជនអឺរ៉ុប រដ្ឋាភិបាលអឺរ៉ុប និងឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ ចំពោះជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជារហូតមក តាមរយៈការផ្តល់នូវជំនួយអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងច្រើន និងជាបន្តបន្ទាប់រហូតមកដល់រាជរដ្ឋាភិបាលកម្ពុជា និងតំបន់សហគមន៍ទេសចរណ៍ ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍ អភិរក្ស ថែរក្សា និងស្ថាបនាប្រទេសកម្ពុជា និងសហគមន៍ទេសចរណ៍ រួមទាំងសហគមន៍ទេសចរណ៍ព្រែកទាល់នេះតែម្តង។ រក្សាសិទ្ធដោយ៖សុទ្ធលី




















