ភ្នំពេញ ៖ ភាគីកម្ពុជា និងក្រុមបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ មានការយល់ឃើញដូចគ្នាថា ក្នុងឆ្នាំ២០១៨នេះ គឺកម្ពុជា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ លើសពីការគ្រោងទុក និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាត ឱ្យក្រុមបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Markus Rodlauer, អនុប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហិ្វក (APD) និងលោក Jarkko Turunen ជាប្រធានបេសកកម្ម រួមជាមួយ ប្រតិភូចូលជួបសម្ដែងការគួរសម ក្នុងពេលចុះបំពេញបេសកកម្មនៅកម្ពុជា , នារសៀលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោក Markus Rodlauer បានសម្ដែងការកោតសរសើរខ្ពស់ ដល់ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ចំពោះការវាយតម្លៃពីស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា, ភាគីកម្ពុជា និងក្រុមបេសកកម្ម មានការយល់ឃើញដូចគ្នាថា ក្នុងឆ្នាំ២០១៨នេះ គឺកម្ពុជា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ លើសពីការគ្រោងទុក។
ជាមួយគ្នានេះ អនុប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហិ្វក (APD) រូបនេះ ក៏សម្ដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នឹងបន្តដឹកនាំ និងសម្រេចបាននូវជោគជ័យ និងសមិទ្ធផលសំខាន់ៗថ្មី បន្ថែមទៀតក្នុងអាណត្តិថ្មីនេះ ជូនប្រជាពលរដ្ឋកម្ពុជា។
ជាកិច្ចឆ្លើយតប លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះក្រុមការងារ Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងការចុះមកធ្វើការ វាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងផ្តល់អនុសាសន៍គោលនយោបាយ ក្នុងន័យជួយតម្រង់ទិស ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា៕ ដោយ ៖ កូឡាប