Thursday, December 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នាក់ងារអភិវឌ្ឍន៍បារាំង និងសហភាពអ៊ឺរ៉ុប ប្តេជ្ញាពង្រឹងការគាំទ្រវិស័យទឹកស្អាតនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យទឹកស្អាត បន្តទទួលសន្ទុះថ្មី ជាមួយនឹងការប្តជ្ញាចិត្តគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងក្រុមអឺរ៉ុបរួម (Team Europe) ។

ក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ AFD ដឹកនាំដោយលោក Jean-Pierre Marcelli នាយកតំបន់អាស៊ីអាគ្នេយ៍ ភាគីទាំងពីរបានបញ្ជាក់ការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែង រួមទាំងគំនិតផ្តួចផ្តើមក្នុងភូមិសាស្ត្រអាទិភាពមួយចំនួន។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រសិទ្ធិភាពប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ការពង្រីកសេវា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា ក្រសួងបាននិងកំពុងធ្វើការវាយតម្លៃស្ថានភាពប្រតិបត្តិករទឹកស្អាតឯកជននៅទូទាំងប្រទេស និងរិះរកវិធីច្នៃប្រឌិត ដើម្បីពង្រីកលទ្ធភាពទទួលបានទុនវិនិយោគ រួមទាំងឥណទានដែលមិនចាំបាច់មានទ្រព្យបញ្ចាំ។ ឯកឧត្តមបានស្នើឱ្យ AFD ផ្តល់ហិរញ្ញប្បទានបន្ថែម ពិសេសតាមរយៈ Proparco ដែលជាបុត្រសម្ព័ន្ធផ្នែកឯកជនរបស់ខ្លួន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការកែលម្អសេវា និងធានាគុណភាពទឹកស្អាតសម្រាប់សហគមន៍។

លោក Marcelli បានសង្កត់ធ្ងន់លើភាពជាដៃគូស៊ីជម្រៅរយៈពេល ៣០ ឆ្នាំ រវាងកម្ពុជា ទីភ្នាក់ងារ AFD និងសហភាពអឺរ៉ុប ដោយហៅវិស័យទឹករបស់កម្ពុជា ពិសេសនៅទីក្រុងភ្នំពេញថាជា “ករណីជោគជ័យលេចធ្លោរជាសាកល”។

លោកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD បានបន្ថែមថា Team Europe តាមរយៈកម្មវិធី Global Gateway កំពុងកៀរគរជំនួយបន្ថែមទៀតសម្រាប់កម្ពុជា ដោយបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌពហុដំណាក់កាល និងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រកម្ពុជាក្នុងការបង្កើតនិយតករទឹកស្អាតទំនើបមួយដោយផ្អែកលើឧត្តមានុវត្តន៍អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×