ភ្នំពេញ៖នៅរសៀលថ្ងៃទី១២ធ្នូ២០២៥នេះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញទទួលអំណោយពីសប្បុរសជននានាបាននិងកំពុងបន្តនាំយកអំណោយទាំងនេះមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបែងចែក ជូន បងប្អូនកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួនទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីមានផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា។
គិតមកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានបើកទទួលអំណោយពីសប្បុរសជនបានរយៈពេល៤ថ្ងៃហើយ នៅសាលារាជធានីភ្នំពេញ ហើយអំណោយដែលទទួលបានមានដូចជា៖ថវិកា មី ទឹកបរិសុទ្ធ អង្ក ខ្សែចង មួក កន្ទេល នំក្រៀម មី ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ឆ្នាំង អំបុក ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ អំណោយ សប្បុរសធម៌ របស់បងប្អូន ប្រជាពលរដ្ឋជាច្រើនមុខដែល បាន ចូលរួម ឧបត្ថម្ភ តាមរយៈ រដ្ឋបាល រាជធានី ភ្នំពេញ ដេីម្បីត្រៀមរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខ និងបងប្អូន ប្រជាពលរដ្ឋជម្លៀសខ្លួនទៅតាមមណ្ឌលសុវត្ថិភាពនានា ។រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។
មកដល់ពេលនេះទឹកចិត្តបងប្អូន ប្រជាពលរដ្ឋកំពុងផុសផុលមកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញ មកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ ខ្មែរ ។
នាព្រឹកថ្ងៃនេះដែរឯកឧត្ដមហួត ហៃ ឯកឧត្ដមហ៊ុន សុរិទ្ធី លោកជំទាវ តិមា វិច្ឆិកាល ឯកឧត្ដមឯក ឃុនដឿន និងឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញបានបន្តទទួលអំណោយពីសប្បុរសជននានាផងដែរ។
តាមសេចក្តីអំពាវនាវរបស់រដ្ឋបាល រាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹង កំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដែល នៅតែចិញ្ចឹមចិត្តឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ម្តងហើយម្តងទៀតឥតឈប់ឈរ រដ្ឋបាល រាជធានីភ្នំពេញ នឹងរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា៕ រក្សាសិទ្ធដោយ៖សុទ្ធលី
























