ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដឹកនាំដោយ លោក Benjamin Chiang អនុប្រធានស្តីទីបេសកកម្ម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ ក.អ.ក. នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២។
នៅក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញ និងលើកកម្ពស់សន្តិភាព។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមបានបង្ហាញនូវការពេញចិត្តចំពោះការរីកចម្រើននៃពាណិជ្ជកម្មទ្វេភាគី និងបានរំលឹកពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម (RTA) ជាមួយសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរផងដែរ។
ជាការឆ្លើយតប, លោក Benjamin Chiang បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូ ដោយលើកឡើងថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមពីរប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម (RTA) ជាមួយសហរដ្ឋអាម៉េរិក ដែលជាសញ្ញាណវិជ្ជមាននៃកិច្ចសហប្រតិបត្តិការនាពេលបន្តបន្ទាប់ខាងមុខ។
ជំនួបពិភាក្សាការងាររវាង ក.អ.ក. និងគណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិក បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងស្មារតីសហការស្ថាបនាខ្ពស់ ដោយបានធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក លើផែនការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងសហរដ្ឋអាម៉េរិក និងកម្ពុជា សំដៅចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ។ មុននឹងបញ្ចប់កិច្ចពិភាក្សា ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាបន្តជំរុញ និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈកម្មវិធីអភិវឌ្ឍន៍នានាដែលជាផលប្រយោជន៍ទៅវិញទៅមក៕ រក្សាសិទ្ធដោយ៖សុទ្ធលី









