Friday, December 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ជើងហោះហើរត្រង់រវាងទីក្រុង Istanbul និងរាជធានីភ្នំពេញ ជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគីយ៉េដែលកាន់តែសកម្ម ស៊ីជម្រៅ និងជាក់ស្តែង

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាធិបតីក្នុងកម្មវិធីបើកសម្ពោធ និងផ្សព្វផ្សាយពីជើងហោះហើរត្រង់ដំបូងបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់សាធារណរដ្ឋតួកគីយ៉េ លំដាប់អន្តរជាតិ Turkish Airlines រវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ លោក Bilal Ekşi នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ព្រមទាំងឯកឧត្តម-លោកជំទាវជាតំណាងស្ថាប័នជាតិ ឯកឧត្តម-លោកជំទាវជាអង្គទូតប្រចាំកម្ពុជា លោក-លោកស្រីជាតំណាងស្ថាប័នឯកជន សមាគមធុរកិច្ច ប្រមាណ ២០០រូប។

ថ្លែងក្នុងឱកាសដ៏ពិសេសនេះ លោក Bilal Ekşi នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានជម្រាបជូនអង្គពិធីពីកត្តាសត្យានុម័ត និងសក្តានុពលសំខាន់ៗ និងលេចធ្លោដែលក្រុមហ៊ុនបានមើលឃើញពីកម្ពុជា ជាមួយទំនាក់ទំនងមិត្តភាព និងចំណងការទូតដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានជំរុញការសម្រេចចិត្តរបស់ក្រុមហ៊ុនធ្វើការតភ្ជាប់ជើងហោះហើររវាងទីក្រុងប្រកបដោយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញនាពេលនេះ។

ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំប្រទេសកម្ពុជា ក៏បានថ្លែងសន្ទុរកថាអបអរសាទរចំពោះវត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិរបស់សាធារណរដ្ឋតួកគីយ៉េនៅកម្ពុជា ដែលពិតជាការបញ្ជាក់យ៉ាងច្បាស់ពីការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម ជាក់ស្តែង និងត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ វិនិយោគ អាកាសចរណ៍ស៊ីវិល។

ក្នុងឱកាសដ៏មានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងការវិនិយោគ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមហ៊ុន Turkish Airlines លើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបោះទុនវិនិយោគដ៏ច្រើននៅកម្ពុជា។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនលោកជំទាវទូត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានប្រឹងប្រែងយ៉ាងសកម្ម និងស្វិតស្វាញរហូតបានសម្រេចសមិទ្ធិផលប្រកបដោយផ្លែផ្កា និងគួរជាទីមោទនៈ សម្រាប់ប្រទេសទាំងពីរនាថ្ងៃនេះ ក្រោមការដឹកនាំចង្អុល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាវត្តមានរបស់ក្រុមហ៊ុន Turkish Airlines នៅកម្ពុជា គឺជាការបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនអន្តរជាតិធំៗ និងជាលក្ខណៈអន្តរជាតិលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកដឹកនាំបន្តវេនពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានចាត់ទុកវិស័យទេសចរណ៍ជាជន្ទល់សេដ្ឋកិច្ចជាតិ និងជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព សន្តិភាព និងកាលានុវត្តវិនិយោគរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងបន្ថែមថាការហោះហើរត្រង់រវាងទីក្រុងទាំងពីរមិនគ្រាន់តែជាការតភា្ជប់ផ្លូវអាកាសប៉ុណ្ណោះទេ តែរឹតតែពិសេសនោះគឺការបង្កើតនូវឱកាសពេជ្រសម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងកាលានុវត្តវិនិយោគរបស់កម្ពុជាជាមួយនឹងទីផ្សារដ៏ធំ ជិត១០០លាននាក់​ និងច្រកទ្វារទៅកាន់ទ្វីបអឺរ៉ុប អាហ្រ្វិក តំប​ន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីកណ្តាល។​ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់វិស័យឯកជនកម្ពុជាពិសេសក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចធ្វើការចាប់យកឱកាសមាសប្រាក់នេះ ធ្វើពិពិធកម្មទីផ្សារ និងបង្កើនផលិតផលទេសចរណ៍ថ្មី និងមានតម្លៃបន្ថែម ដើម្បីចូលរូមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត ជាពិសេសគឺទាក់ទាញភ្ញៀវទេសចរតួកគី និងបណ្តាប្រទេសជុំវិញមកទស្សនាប្រទេសកម្ពុជា និងស្វែងយល់សក្តានុពលទេសចរណ៍ ព្រមទាំងកាលានុវត្តភាពវិនិយោគថ្មីៗ។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ឱ្យទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីឈានបង្កើតជើងហោះហើរត្រង់បន្ថែមទៀតមកប្រទេសកម្ពុជា។
រក្សាសិទ្ធដោយ៖សុទ្ធលី

×