Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ម៉ែន វិបុល និង​តំណាង JICA ជួបពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​រថយន្ត​ដឹក​សំរាម និង​ការសាងសង់​រោងចក្រ​កែច្នៃ​សំរាម​ក្នុង​ខេត្ត​ស្វាយរៀង

​ខេត្ត​ស្វាយរៀង​ ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​២០ ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​នេះ​បាន​ទទួល​ជួប​លោក YUSUKE OKUMURA នាយក​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (​ប្រទេស​ជប៉ុន​) និង​លោក Yasuhara តំណាង​អង្គការ JICA និង​សហការី ដើម្បី​ពិភាក្សា​ការងារ​ពាក់​ព័ន្ធ​នឹង​ការគ្រប់គ្រង​រថយន្ត​ដឹក​សំរាម និង​ការសាងសង់​រោងចក្រ​កែច្នៃ​សំរាម​ក្នុង​ខេត្ត​ស្វាយរៀង ។ ក្នុង​ជំនួប​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន នៅ​សាលប្រជុំ​រំដួល “​អគារ ក​” សាលាខេត្ត​ស្វាយរៀង​។

​តាម​ប្រភព​ព័ត៍មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ​នៅក្នុង​ឱកាស​នោះ លោក YUSUKE OKUMURA នាយក​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD បាន​ជម្រាបជូន​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​នេះ ដែល​រហូត​មក​ដល់​បច្ចុប្បន្នបាន​និង​កំពុ​ង​ត្រៀម​ធ្វើការ​នាំ​ចូល​រថយន្ត​ដឹក​សំរាម និង​ការសាងសង់​រោងចក្រ​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន និង​រដ្ឋបាល​ខេត្ត​បាន​ជ្រើសរើស​រួច​មកហើយ​នោះ ។ ជាមួយនេះ លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អភិបាលខេត្ត ដែល​តែងតែ​គាំទ្រ និង​សហការ​ជាមួយ​ក្រុមហ៊ុន ហើយ​ព្រោះតែ​កិច្ចសហការ​គាំទ្រ​យ៉ាង​ល្អប្រសើរ​នេះ ទើប​ក្រុមហ៊ុន​របស់​លោក​ឈាន​មក​ដល់​សម្រេច​លទ្ធផល​គួរ​ជាទី​មោទនៈ​បែបនេះ និង​សូម​សំណូមពរ​ដល់​លោក​អភិបាលខេត្ត បន្ត​ជួយ​សហការ​ដើម្បី​អនុវត្ត​កិច្ចការ​ដែល​នៅ​សេសសល់​ឲ្យសម្រេចបាន​លទ្ធផល​ស្ថាពរ នាពេលខាងមុខ ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក ម៉ែន វិបុល​អភិបាលខេត្ត​ស្វាយរៀង ក៏ បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ជ្រើសរើស​ការវិនិយោគ​នៅក្នុង​ខេត្ត​ស្វាយរៀង ហើយ​លោក​អភិបាលខេត្ត​នៅ​តែ​បន្ត​គាំទ្រ សហការ​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​គម្រោង​នេះ​សម្រេចបាន​លទ្ធផល​ជោគជ័យ ១០០% ព្រោះថា​ការបង្កើត​រោងចក្រ​កែច្នៃ​សំរាម​ទៅជា​ផលិតផល​សម្ភារ​សំណង់ និង​គ្រឿង​សង្ហារិម​នេះ មិន​ត្រឹមតែ​បាន​ផ្ដល់​ការងារ​ធ្វើ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចូលរួម​លើក​កម្ពស់​អនាម័យ​បរិស្ថាន និង​សោភ័ណ​ទីក្រុង គាំទ្រ​ទៅដល់​ផែនការ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការជំរុញ​លទ្ធភាព​នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​នាពេលខាងមុខ ។​

ជាមួយ​នេះ​ដើម្បី​សម្របសម្រួល​កិច្ចការ​នានា​ដែល​នៅ​សេសសល់ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក​សំរាម និង​ការសាងសង់​រោង​ចក្រ​រ​បស់​ក្រុមហ៊ុន លោក​អភិបាលខេត្ត បាន​ចាត់តាំង​អភិបាលរង​ខេត្ត ទទួល​ធ្វើ​ការពិភាក្សា និង​សហការ​ជាមួយ​ក្រុមហ៊ុន​បន្ត​ទៀត​ទៅលើ​ចំណុច​លម្អិត​នានា​ដែល​គាំទ្រ និង​ជំរុញ​កិច្ចការ​នេះ​ឲ្យ​សម្រេច​លទ្ធផល​ជោគជ័យ​ល្អប្រសើរ​តាម​ការគ្រោងទុក ៕ វ៉ៃកូ​

×