មកទល់ពេលនេះ កំពុងមានព័ត៌មានជាច្រើន ព្រមទាំងទល្ហីករណ៍ ជំនាញនៅមានការមន្ទិលសង្ស័យថ្មីថា យន្តហោះស៊ើបអង្កេតអេឡិចត្រូនិច Il-20 ELINT ត្រូវធ្លាក់ គឺបណ្តាលមកពីកាំជ្រួចការពារដែនអាកាសរុស្ស៊ី បាញ់ច្រឡំ ពុំមែនដោយសារក្រុមការពារដែនអាកាសស៊ីរី ប្រើកាំជ្រួច S-200 បាញ់ច្រឡំទេ ។
ថ្មីៗនេះកំពុងលេចឮរឿងរ៉ាវជាច្រើនក្នុងការវាយតម្លៃពីមូលហេតុក៏ដូចជាជនដៃដល់ពិតប្រាកដបានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍ IL-20 របស់រុស្ស៊ី ១៧ ខែកញ្ញា ។
ក្រសួងការពារជាតិរុស្ស៊ី យន្តហោះនេះត្រូវបាញ់ទម្លាក់ដោយ S-200 របស់ស៊ីរី ខណៈបាញ់ច្រឡំ គ្រាប៉ងបាញ់ទម្លាក់យន្តហោះប្រយុទ្ធ F-16 របស់អ៊ីស្រាអែល ដែលនៅកៀកខាងក្រោយ ។
ប៉ុន្តែស៊ីរី បានបដិសេធការលើកឡើងរបស់រុស្ស៊ី ។ ពួកគេថា គេក្តាប់ជាប់ផែនការសកម្មភាពរបស់ទ័ពអាកាសរុស្ស៊ី ដើម្បីសហការប្រយុទ្ធ ពុំអាចច្រឡំទៅរួចទេ ។
លើសពីនេះ S-200 តាមសមត្ថភាពបច្ចេកទេសរបស់វា វាពុំអាចបាញ់ទម្លាក់គោលដៅនៅរយៈចម្ងាយទាប តែប៉ុន្មានគីឡូម៉ែត្រ ដូចដែលយន្តហោះរងគ្រោះ IL-20 គ្រាកំពុងបន្ទាប់ខ្លួនចុះចត ហើយនៅចម្ងាយពីសមរភូមិដល់ទៅរាប់សិបគីឡូម៉ែត្រ ។
នៅគោលដៅបែបនេះ ស្ថានីយ៍រ៉ាដាបញ្ជា 5N62 របស់ S-200 ពុំអាចមើលឃើញគោលដៅដើម្បីនាំផ្លូវកាំជ្រួចទេ ព្រោះវាធ្វើសម្រាប់រយៈកម្ពស់ ហើយគោលដៅគឺយន្តហោះទម្លាក់គ្រាប់បែកដែលនៅខ្ពស់ ។
ហេតុនេះឯងការលើកឡើងសមស្របមួយនេះ គឺមានតែកាំជ្រួចប្រភេទ S-300 V4 របស់រុស្ស៊ី ដែលដាក់ពង្រាយការពារមូលដ្ឋាន Tartus ប៉ុណ្ណោះ ដែលអាចច្រឡំបាញ់លើយន្តហោះ IL-20 របស់… “គ្នាឯង” ។
មូលហេតុគឺស្ថានីយ៍រ៉ាដាបានតម្រង់លើកកាំជ្រួចមានកម្មវិធីនាំផ្លូវរបស់អ៊ីស្រាអែល ពេលឃើញវាអាចបង្កគ្រោះថ្នាក់ចំពោះពួកគេ តែក្បាលគ្រាប់បញ្ជាដោយរ៉ាដា បាននាំផ្លូវតម្រង់ចំគោលដៅដែលមានបន្ទុកប្រតិកម្ម radar ធំជាង ។
ក្នុងស្ថានភាពដែល IL-20 និង F-16 បើកប្រកៀកគ្នានោះប្រព័ន្ធកំណត់អត្តសញ្ញាណនាំផ្លូវវានឹង “អាទិភាព” ចំពោះគោលដៅនាំមកគ្រោះថ្នាក់ខ្លាំងជាង ។ រឿងដូចគ្នាធ្លាប់កើតឡើង ក្នុងសង្គ្រាមនៅឈូងសមុទ្រពែក្ស គ្រាកាំជ្រួច Patriot និងយន្តហោះ F-16 បាន “ព្រលះ” គ្នា ព្រោះច្រឡំសញ្ញាសម្គាល់អត្តសញ្ញាណ ។
ម្យ៉ាងទៀតក្រោយហេតុការណ៍នោះ ខណៈពេលដែលអ៊ីស្រាអែលបានបដិសេធដាច់អហង្ការថា ខ្លួនពុំបានធ្វើ ហើយក្រោយមកលោកប្រធានាធិបតី Putin បាននិយាយបែប “សម្រួល” ថាវាជារឿង “ស៊យ-អាក្រក់” ពុំគួរយកវាប្រៀបធៀបនឹងករណី Su-24 ត្រូវទួគីបាញ់ទម្លាក់ទេ ។
ទន្ទឹមនោះពេលដែលអ៊ីស្រាអែល -អ្នកពុំពាក់ព័ន្ធ- បានប្រញាប់ធ្វើការបដិសេធ តែភាគី “ជាប់ចោទ” បែរជាធ្វើព្រងើយទៅវិញ ។ ពិតជារឿងមិនប្រក្រតី ។
ទោះបីជាយុទ្ធមិត្តក្នុងសមរភូមិ ប៉ុន្តែបើជ្រុលដៃបង្ករឿងធំបែបនេះ នោះស៊ីរីពុំអាចធ្វើព្រងើយកន្តើយឡើយ ។
ប្រាកដណាស់ ! ស៊ីរីដឹងថា ខ្លួនគ្មានកំហុស ! ហើយយុទ្ធមិត្តរបស់ខ្លួនដឹងច្បាស់ពីរឿងនេះ ទើបពុំចាំបាច់មានប្រតិកម្ម ។
ការ “បន្ទន់សំឡេង” របស់លោក Putin និងឥរិយាបថព្រងើយរបស់ស៊ីរី ពិតណាស់ដែល “គ្នាយើងបាញ់ច្រឡំគ្នាឯង” ។
យ៉ាងណាជំនាញហេតុផលខាងលើនៅទាមទារ ភស្តុតាងបញ្ជាក់ ។
ប៉ុន្តែ “សំណល់” ហេតុការណ៍ត្រូវបានលាក់បាំង ហើយប្រហែលជាយូរណាស់ទើបការពិតត្រូវបានទម្លាយចេញនោះ ៕ ចន្ទ្រា