រាជធានីភ្នំពេញ ៖ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងកម្ពុជា ៤៥រូប ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍លម្អិតពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ លើកទី៤ ព្រមទាំងឆ្លងកាត់កិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងឡាវ គូភាគីបានឯកភាពលើកំណត់ហេតុកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ និងការកែសម្រួលផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ ឆ្នាំ២០២៥-២០២៦។
តាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគី ផែនការសកម្មភាពរួគ្នាឆ្នាំ២០២៥-២០២៦ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីកិច្ចសហប្រតិបត្តិការក្នងវិស័យទេសចរណ៍ នឹងចូលរួមចំណែកជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ តាមរយៈការសម្របសម្រួលការធ្វើដំណើររបស់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើទីផ្សារទេសចរណ៍ និងផ្សព្វផ្សាយរួមគ្នាដូចជាការបង្កើតយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមគ្នា ជាពិសេសនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ ម្ហូបអាហារ ទេសចរណ៍ផ្អែកលើសហគមន៍ និងទេសចរណ៍បរិស្ថាន។
គូភាគី មានសុទិដ្ឋិនិយមយ៉ាងរឹងមាំថាការអនុវត្តរួមគ្នានូវយន្តការខាងលើ ពិតជាអាចជំរុញលំហូរភ្ញៀវទេសចរបន្ថែមទៀតមកទស្សនានៅកម្ពុជា និងឡាវ ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ព្រមទាំងកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរ សម្រាប់ចក្ខុវិស័យ “ប្រទេសពីរ គោលដៅមួយ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















