ភ្នំពេញ ៖ ក្នុងគោលបំណងធ្វើឲ្សសម្រេចបាននូវនយោបាយកំណែ ទម្រង់ របស់រាជរដ្ឋាភិបាល លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើឲ្យមន្ត្រីទាំងអស់ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន ឲ្យបានពេញលេញ ដោយត្រូវធ្វើសកម្មឲ្យបានកាន់តែប្រសើរជាងមុន មានភាពទូលំទូលាយជាងមុន និងមានប្រសិទ្ធភាពជាងមុន ដើម្បីឲ្យប្រជាជនគ្រប់រូប បានទទួលផលប្រយោជន៍ ពីរាជរដ្ឋាភិបាលបានច្រើនជាងមុន។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានលើកឡើងថា សមាសភាពថ្នាក់ដឹកនាំថ្មី ដែលជាកំលាំងថ្មី មានទាំងចំណេះដឹង និងបទ ពិសោធន៍ក្នុងការដឹកនាំការងារ ជូនក្រសួង និងមូលដ្ឋានកន្លងបានល្អប្រសើរ ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងគោលបំណងធ្វើឲ្សសម្រេចបាននូវនយោបាយកំណែ ទម្រង់ របស់រាជរដ្ឋាភិបាល និងទទួលបានជោគជ័យតាមផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩- ២០២៣ របស់ក្រសួង ប្រតិភូត្រូវចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ អនុវត្តនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ទី១-អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ឲ្យបានពេញលេញ ដោយត្រូវធ្វើសកម្មឲ្យបានកាន់តែប្រសើរជាងមុន មានភាពទូលំទូលាយជាងមុន និងមានប្រសិទ្ធភាពជាងមុន ដើម្បីឲ្យប្រជាជនគ្រប់រូប បានទទួលផល ប្រយោជន៍ពីរាជរដ្ឋាភិបាលបានច្រើនជាងមុន។ ទី២-អនុវត្តផែនការជាយុទ្ធសាស្ត្រ និងគោលនយោបាលរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួង ក៏ដូចជាការអនុវត្តឲ្យបានពេញលេញនូវលិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកមន្ត្រីរាជការស៊ីវិល ។ ទី៣-ខិតខំស្រាវជ្រាវ និងរៀបចំ ការធ្វើទំនើបកម្មកសិកម្មប្រកបដោយភពវៃឆ្លាត បរិយាបន ធន់នឹងការប្រែប្រួលអាកាសធាតុ មានមាននវានុវត្តន៍ និងមានឧត្តមភាពក្នុងការប្រគួតប្រជែង ។ ទី៤-ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ប្រយោជន៍ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ (សមូលហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ)។ ទី៥-ត្រូវប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ មន្ត្រីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈ និងជាអ្នកផ្ទេរចំណេះដឹង ដល់កសិករប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទី៦ -ត្រូវបន្តផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អទាំងក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ហើយនឹងសហគមន៍ព្រៃឈើ។ ទី៧-ជំរុញនិងលើកទឹកចិត្តវិស័យឯកជន និងកសាងភាពជាដៃគូក្នុងការចូលរួមក្នុងការអភិវឌ្ឍ ផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗក្នុងវិស័យកសិម្ម រួមជាមួយការប្រើគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ការផលិតពូជ ជីនិងថ្នាំកសិកម្ម ការកែច្នៃវិចខ្ចប់ និងជំរុញទីផ្សារក្នុងស្រុក និងនាំចេញ ៕ ដោយ ៖ បញ្ញាស័ក្តិ