ភ្នំពេញ ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅឆ្នាំ២០២៥នេះ ប្រទេសថៃ បានប្រើលេសឈ្លានពានកម្ពុជាម្តងទៀត គឺស្រដៀងការឈ្លានពានកម្ពុជាកាលពីឆ្នាំ១៩៤១។
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានសរសេររៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ នៅឆ្នាំ ១៩៤១ ប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជា ហើយបន្ទាប់មកបានប្រកាសសង្គ្រាមលើសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
នៅឆ្នាំ ២០២៥ ការចោទប្រកាន់របស់ថៃថាទាហានកម្ពុជាបាញ់ឆ្លងព្រំដែន គេកំពុងប្រើម្ដងទៀតជាលេសឈ្លានពានប្រទេសកម្ពុជា។ ការអះអាងស្រដៀងគ្នានេះ ក៏ធ្លាប់ជាមូលដ្ឋាននៃការឈ្លានពានកម្ពុជារបស់ថៃនៅឆ្នាំ ១៩៤១ ដែរ។ នៅពេលនោះដូចជាឥឡូវនេះ សកម្មភាពយោធារបស់ថៃមានគោលបំណងបញ្ចូលទឹកដីកម្ពុជាឲ្យទៅជាផ្នែកមួយរបស់ខ្លួន។
ទោះបីជាថៃដឹងច្បាស់អំពីអំពើប្រល័យពូជសាសន៍របស់ជប៉ុននៅប្រទេសចិន រួមទាំងសម្លាប់រង្គាលនៅណានជីងឆ្នាំ ១៩៣៧ ដែលបានសម្លាប់ប្រហែល ២០០,០០០ នាក់ (ពលរដ្ឋស៊ីវិល និងអ្នកទោសសង្គ្រាម) ក៏ដោយ ក៏ថៃនៅតែចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុននៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៤០។² កិច្ចព្រមព្រៀងនេះបានបង្កើតមូលដ្ឋានឲ្យជប៉ុនបន្តកាន់កាប់ឥណ្ឌូចិនបារាំង និងម៉ាឡាយ៉ាអង់គ្លេស។ បន្ទាប់ពីអនុម័តសន្ធិសញ្ញានេះ ថៃបានឈ្លានពានកម្ពុជា និងឡាវនៅខែមករា ឆ្នាំ ១៩៤១ ដោយអះអាងថាកងកម្លាំងអាណានិគមបារាំងនៅកម្ពុជាបានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញប្រទេស (Aranyaprathet) នៃប្រទេសថៃ។ តាមពិតទៅ ថៃបានត្រៀមរៀបចំសម្រាប់ការឈ្លានពានមកហើយអស់រយៈពេលជាច្រើនខែ។³ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ ថៃបានបង្ខំយក (បញ្ចូល) ខេត្តភាគជើងនៃកម្ពុជា និងទឹកដីភាគលិចរបស់ឡាវ។⁴
នៅខែធ្នូ ឆ្នាំ ១៩៤១ ថៃ និងជប៉ុនបានចុះកិច្ចព្រមព្រៀងបន្ថែមមួយទៀត សម្រាប់ការគាំទ្រយោធារួមគ្នា ដោយជប៉ុនបានគាំទ្រយ៉ាងច្បាស់លាស់ចំពោះការអះអាងទឹកដីរបស់ថៃ—រួមទាំងតំបន់ដែលបានបញ្ចូលពីកម្ពុជា ឡាវ ម៉ាឡាយ៉ា និងភូមា (Burma)។⁵ កិច្ចព្រមព្រៀងនេះបានធានាតួនាទីរបស់ថៃជាមជ្ឈមណ្ឌលផ្គត់ផ្គង់ និងជាទីតាំងសម្រាប់ការរៀបចំកម្លាំង (staging ground) សម្រាប់ការឈ្នះគ្រប់គ្រងរបស់ជប៉ុនលើម៉ាឡាយ៉ាអង់គ្លេស និងភូមា ក្នុងឆ្នាំ ១៩៤១ ដល់ ១៩៤២។⁶
នៅខែកក្កដា ឆ្នាំ ១៩៤៣ ជប៉ុនបានផ្តល់រង្វាន់ដល់ថៃសម្រាប់ការសហការដោយផ្ទេរខេត្តចំនួនប្រាំមួយពីម៉ាឡាយ៉ាអង់គ្លេស និងភូមា ឲ្យទៅថៃ។⁷ ក្នុងអំឡុងពេលនេះ ថៃបានសម្របសម្រួល និងទទួលផលប្រយោជន៍យ៉ាងច្បាស់ពីការប្រើប្រាស់ពលកម្មបង្ខំរបស់ជប៉ុន ដើម្បីសាងសង់ផ្លូវដែកភូមា (Burma Railway) ដែលភ្ជាប់ពីបាងកកទៅយ៉ាងហ្គូន (Yangon)។⁸ ក្នុងចំណោមពលកម្មដែលត្រូវបានបង្ខំមានអ្នកទោសសង្គ្រាមអង់គ្លេស ៣០,១៣១ នាក់ និងអាមេរិក ៦៨៦ នាក់។ ក្នុងចំណោមពួកគេ អង់គ្លេស ៦,៩០៤ នាក់ និងអាមេរិក ១៣១ នាក់ បានស្លាប់ដោយសារលក្ខខណ្ឌការងារដ៏សាហាវឃោរឃៅ។⁹
បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ថៃត្រូវបានបង្ខំឲ្យលះបង់ទឹកដីទាំងអស់ដែលខ្លួនបានបញ្ចូលនៅកម្ពុជា ឡាវ ម៉ាឡាយ៉ា និងភូមា។ ចក្រភពអង់គ្លេសដំបូងបានស្វែងរកវិធានការផ្តន្ទាទោស រួមទាំងការកាន់កាប់ថៃយូរអង្វែង។¹⁰ ទោះយ៉ាងណា សហរដ្ឋអាមេរិកបានប្រឆាំងនឹងការដាក់ទណ្ឌកម្មក្រោយសង្គ្រាមយ៉ាងតឹងរ៉ឹង ដោយអះអាងថាការទាមទារដ៏ខ្លាំងក្លានឹងធ្វើឲ្យថៃ និងតំបន់មិនស្ថិរភាព។¹¹ ដោយហេតុនេះ ថៃបានប្រឈមនឹងការទទួលខុសត្រូវតិចតួចប៉ុណ្ណោះចំពោះអំពើឈ្លានពានទឹកដីក្នុងសម័យសង្គ្រាម។
ឥឡូវនេះ នៅឆ្នាំ ២០២៥ ថៃកំពុងឈ្លានពានប្រទេសកម្ពុជាម្ដងទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី












