ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានសេចក្តីប្រកាសពត៌មានរួមមួយ នៅថ្ងៃទី១៦ ខែធ្នូឆ្នាំ ២០២៥នេះ ដោយបានបញ្ជាក់អំពីការបញ្ចប់បេសកកម្មត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ លើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយជោគជ័យ ដោយគម្រោងនេះចាប់ផ្តើមពីថ្ងៃទី១ ដល់ ១២ ខែធ្នូ ២០២៥។
គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច(អេមស៍) បាននិងកំពុងជួយគាំទ្រដល់កសិករខ្នាតតូចចំនួន ៩៤,៤៩៩ គ្រួសារ លើសពីគោលដៅដែលបានគំណត់ត្រឹមចំនួន ៨៨,២០០ គ្រួសារ តែប៉ុណ្ណោះ សម្រាប់ការអនុវត្តគម្រោងរហូតដល់ឆ្នាំ២០២៧។ ហើយគម្រោងនៅតែបន្តគាំទ្រកសិករខ្នាតតូច ក្នុងការអនុវត្តបច្ចេកទេសផលិតកម្មដែលមានភាពប្រសើរ ជួយសម្របសម្រួលទីផ្សារឱ្យកាន់តែរឹងមាំ និងពង្រីកភាពជាដៃគូពាណិជ្ជកម្មឱ្យបានកាន់តែទូលំទូលាយផងដែរ។
ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍ មានប្រសាសន៍ថា៖ «គម្រោង អេមស៍ កំពុងមានវឌ្ឍនភាពល្អមកដល់ពេលនេះ គឺដោយសារមានកិច្ចសហការយ៉ាងរឹងមាំពីក្រុមការងារនៅទូទាំងខេត្តគោលដៅ និងដៃគូវិស័យឯកជនរបស់យើង។ ជាមួយនឹងការទទួលបានហិរញ្ញប្បទានបន្ថែម យើងនឹងបន្តធ្វើការពង្រឹងចង្កោមអាជីវកម្ម និងការតភ្ជាប់ទីផ្សារ ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យបានកាន់តែច្រើនដល់កសិករខ្នាតតូចរបស់យើង។»
ការកៀរគរកសិករខ្នាតតូចរបស់គម្រោង ដើម្បីបង្កើតជាចង្កោមអាជីវកម្មនៅតែបន្តរីកចម្រើនទៅមុខ ដោយមានចង្កោមអាជីវកម្មចំនួន ៣៤៧ ត្រូវបានបង្កើតឡើង និងអត្រានៃការទទួលយកបច្ចេកវិទ្យាផលិតកម្មមានចំនួន ៨៤% នៃចំនួនកសិករដែលចូលរួមក្នុងគម្រោង។ គិតត្រឹមខែតុលា ឆ្នាំ២០២៥ អេមស៍ បានសម្របសម្រួលការចុះកិច្ចសន្យាទិញលក់បានសរុបចំនួន ៩០៥ កិច្ចសន្យា សម្រាប់ខ្សែច្រវាក់តម្លៃផលិតផលស្រូវប្រណីត បន្លែសុវត្ថិភាព គ្រឿងទេស មាន់ខ្មែរ និងដំឡូងមី ដែលមានតម្លៃសរុបប្រមាណ ២២៤ លានដុល្លារអាមេរិក។
ក្នុងអំឡុងពេលទស្សនកិច្ចនៅក្នុងខេត្តចំនួនប្រាំមួយ ក្រុមការងារបេសកកម្មរបស់ IFAD និងក្រុមកងារគម្រោង អេមស៍ បានជួបជាមួយក្រុមកសិករផលិតចង្កោមអាជីវកម្ម អ្នកទិញ និងមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីវាយតម្លៃលើការតភ្ជាប់ទីផ្សារ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមក្នុងផលិតកម្ម និងការទទួលបានសេវាកម្មបច្ចេកទេស និងហិរញ្ញប្បទានជាដើម។ ឱកាសដែលបានកំណត់សម្រាប់គម្រោងជាបន្តរួមមាន ការពង្រឹងផែនការអាជីវកម្ម និងការកំណត់ពេលវេលាផលិតកម្មសម្រាប់ចង្កោមអាជីវកម្មឱ្យស្របទៅតាមទីផ្សារ ជំរុញការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងទីផ្សារក្រោមមូលនិធិសម្រាប់ការអភិវឌ្ឍតាមវិស័យឱ្យកាន់តែមានប្រសិទ្ធិភាព ពង្រីកការវិនិយោគវិស័យឯកជនតាមរយៈមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ និងការដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេស ដូចជា ការគ្រប់គ្រងជំងឺលើដំណាំម្ទេស ការចាក់វ៉ាក់សាំងមាន់ និងការពង្រឹងគុណភាពគ្រាប់ពូជជាដើម។
លោក Frew Behabtu នាយកនិងជាតំណាង IFAD ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ គម្រោង អេមស៍ បានធ្វើដំណើរឈ្ពោះទៅមុខប្រកបដោយស្ថិរភាព ក្នុងការពង្រឹងផលិតកម្មដែលបំពេញទៅតាមតម្រូវការរបស់ទីផ្សាររួមជាមួយនឹងចង្កោមអាជីវកម្ម ដែលបានតភ្ជាប់កសិករខ្នាតតូចទៅកាន់អ្នកទិញនៅក្នុងខ្សែច្រវាក់តម្លៃសំខាន់ៗបានកាន់តែច្រើនឡើងៗ។ លោកថា «បេសកកម្មត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងនេះ បានបញ្ជាក់ឱ្យឃើញពីលទ្ធផលជាក់ស្តែង និងឱកាសច្បាស់លាស់ក្នុងការពង្រឹងបន្ថែមទៀតនូវការធ្វើផែនការអាជីវកម្ម ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការចូលរួមរបស់វិស័យឯកជន»។ ការអភិវឌ្ឍបន្ថែមដោយផ្អែកលើមេរៀនបទពិសោធទាំងនេះ គឺពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងផ្នែកពាណិជ្ជកម្មកាន់តែមានភាពស៊ីជម្រៅ និងអាចដោះស្រាយគម្លាតផលិតកម្ម និងសេវាកម្មដែលនៅសេសសល់បាន។
ក្នុងបេសកកម្មខាងលើ អេមស៍ក៏បានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមបញ្ចូលយេនឌ័រនៅរាល់សកម្មភាពរបស់គម្រោងផងដែរ ក្នុងនោះស្ត្រីមានចំនួនដល់ទៅ ៦២% នៃអ្នកទទួលផលគម្រោងទាំងអស់។ ហើយបេសកកម្មនេះ ក៏បានលើកទឹកចិត្តដល់ការវិនិយោគបន្ថែមទៀតលើតួនាទីស្ត្រីជាអ្នកដឹកនាំ នៅក្នុងចង្កោមអាជីវកម្ម និងក្រុមអ្នកផលិត។
ក្រសួងពាណិជ្ជកម្ម និង IFAD នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តគម្រោង អេមស៍ ឱ្យកាន់តែមានប្រសិទ្ធិភាព ហើយក្រុមការងារបេសកកម្ម គ្រោងនឹងចុះគាំទ្រការអនុវត្តគម្រោងជាបន្តទៀត នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខ។ បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃគម្រោងប្រចាំឆ្នាំម្តងទៀត ក៏នឹងគ្រោងធ្វើឡើងក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦ ផងដែរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ IFAD បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ២០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងរយៈពេល ៣ឆ្នាំ បន្តទៀត ចាប់ផ្តើមពី ខែតុលា ឆ្នាំ ២០២៤ ហើយនឹងត្រូវបញ្ចប់ក្នុង ខែកញ្ញា ឆ្នាំ ២០២៧ខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















