រាជធានីភ្នំពេញ៖ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីបិទបញ្ចប់
គម្រោងជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នៅសណ្ឋាគារ Shangri-La ភ្នំពេញ
នេះថា នាថ្ងៃនេះ បានប្រារព្ធពិធីបិទគម្រោង CAPFISH-Capture និងបង្ហាញសមិទ្ធផលសំខាន់ៗរបស់គម្រោងដែលអនុវត្ត រយៈពេល៦ឆ្នាំកន្លងមក តាមរយៈការគាំទ្រថវិកាដោយផ្ទាល់របស់សហគមន៍អឺរ៉ុបដល់រដ្ឋបាលជលផលនិងជំនួយបច្ចេកទេសរបស់អង្គការ FAO កម្មវិធី CAPFISH-Capture ដែលអនុវត្តពីឆ្នាំ ២០១៩ ដល់ ២០២៥ បានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផលទឹកសាប សមុទ្រ និង តំបន់ឆ្នេរ ការធ្វើទំនើបកម្មការគ្រប់គ្រងវិស័យជលផល និងការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងស្ថាប័ន ការរៀបចំក្របខណ្ឌច្បាប់ដូចជាការធ្វើច្បាប់ជលផលថ្មី ការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ការ រៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ការបោះបង្គោលព្រំ ការដាក់ពង្រាយ ជម្រកត្រីសិប្បនិម្មិត ការពង្រឹងសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ។ល។
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ច្បាប់ជលផលថ្មីដែលបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែមិថុនាឆ្នាំ២០២៥ ផ្តល់នូវមូលដ្ឋានគ្រឹះដ៏ រឹងមាំសម្រាប់ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍនធនធានជលផលប្រកបដោយប្រសិទ្ធភាព និង និរន្តរភាព សំដៅលើកកម្ពស់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិ ព្រមទាំងធានាដល់ការការពារសិទ្ធិ និង ផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផល និង ផលិតផលជលផល។ ការងារអាទិភាពបន្ទាប់គឺការជំរុញការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពបំផុត ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏កំពុងរៀបចំអនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្ត ផ្សេងៗទៀត ក៏ដូចកំពុងអនុវត្តសកម្មភាពជាក់ស្ដែងក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងការនេសាទ ជា ពិសេសគឺការនេសាទ ខុសច្បាប់។
ឯកឧត្តម ប្រាក់ ដាវីដ បានបញ្ជាក់ថា ចង់បញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ផលនេសាទរបស់យើងមានការកើនឡើងគួរ ឲ្យកត់សម្គាល់ ហើយការរឹតបន្តឹងការអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសនេសាទ គឺពិតជាបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងកំណើនផលនេសាទនេះ។ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺវាទាមឲ្យមានការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយខ្ញុំសូមអំពាវនាវដល់ពូមីងបងប្អូនប្រជានេសាទ សហគមន៍នសាទ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីជំនាញ ចូលរួមសហការគ្នាឲ្យបានល្អក្នុងការពង្រឹងការអនុវត្ត ច្បាប់ឲ្យមានប្រសិទ្ធភាពបំផុត សំដៅធានានិរន្តរភាពផលនេសាទ និងសន្តិសុខស្បៀង ការពារជីវភាព ប្រចាំថ្ងៃរបស់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋយើងទាំងអស់គ្នាដែលជាអ្នកហូបសម្រាប់ពេល
បច្ចុប្បន្នផង ព្រមទាំងរក្សាការពារធនធានជលផលរបស់យើងឲ្យសម្បូរបែបសម្រាប់កូនចៅយើងជំនាន់ក្រោយផង។
កាលពីថ្ងៃចន្ទកន្លងទៅនេះ ខ្ញុំ រួមជាមួយតំណាងសហភាពអឺរ៉ុប អង្គការ FAO និងក្រុមការងារ ព្រមទាំង អ្នកសារព័ត៌មានបានចុះទៅក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលសមិទ្ធផលនានាដែលកម្មវិធី CAPFISH- Capture សម្រេចបាន ជាពិសេសគឺការធ្វើទំនើបកម្មប្រព័ន្ធតាមដានទូកនេសាទ (VMS) ដែលជាកិច្ចការ សំខាន់មួយសម្រាប់ការគ្រប់គ្រងធនធានជលផលសមុទ្រ និងតំបន់ឆ្នេរ។ តាមរយៈប្រព័ន្ធតាមដានទូក នេសាទ គឺយើងអាចទទួលព័ត៌មានទាន់ពេលវេលា អំពីទីតាំង ឈឿន និងទិសដៅរបស់ទូកនេសាទ ដែលអាចជួយឲ្យយើងគ្រប់គ្រង ត្រួតពិនិត្យការនេសាទកាន់តែមានប្រសិទ្ធភាព និងធ្វើការសម្រេចចិត្ត នានាកាន់តែត្រឹមត្រូវ។
ប្រព័ន្ធតាមដានទូកនេសាទនេះវាមិនមែនប្រើប្រាស់សម្រាប់តែការគ្រប់គ្រងត្រួតពិនិត្យការនេសាទប៉ុណ្ណោះទេ ប៉ុន្តែវាមានតួនាទីសំខាន់ណាស់សម្រាប់ជួយការពារសុវត្ថិភាពពូមីងបងប្អូនប្រជានេសាទ។ ប្រព័ន្ធនេះ អនុញ្ញាតឲ្យយើងប្រាស្រ័យទាក់ទងគ្នាបាន ហើយអាជ្ញាធរអាចជូនដំណឹងទាន់ពេលវេលាដល់ អ្នកនេសាទក្នុងករណីមានហានិភ័យ ឬគ្រោះថ្នាក់ ធានាថាការជួយសង្គ្រោះអាចធ្វើឡើងបានទាន់ពេល វេលា ឬក៏ជូនដំណឹងដល់បងប្អូនប្រជានេសាទថាគាត់បានចូលខិតទៅដល់តំបន់អភិរក្ស តំបន់ហាមឃាត់ ការធ្វើនេសាទ តំបន់ព្រំដែនជាដើម។ល។
ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ប្រព័ន្ធតាមដានទូកនេសាទនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះ ស្រាយបញ្ហាការនេសាទខុសច្បាប់ គ្មានរាយការណ៍ និងគ្មានបញ្ញត្តិ (IUU)។ កម្ពុជាក៏បានដាក់ចេញនូវផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ ឆ្នាំ២០២០-២០២៤ និងបានធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២៥ ហើយការណ៍នេះបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការអនុវត្តកាតព្វកិច្ចអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមនានាដើម្បីឈានទៅដល់ការដក “កាតក្រហម” ពីប្រទេសកម្ពុជារបស់សហភាព អឺរ៉ុប។ ការដកកាតក្រហមនេះ នឹងអនុញ្ញាតិឲ្យយើងអាចនាំចេញផលិតផលសមុទ្រទៅកាន់ទីផ្សារអឺរ៉ុប។ បន្ថែមលើប្រព័ន្ធតាមដានទូកនេសាទ យើងក៏បានរៀបចំប្រព័ន្ធផ្សេងៗទៀត រួមមានប្រព័ន្ធគ្រប់គ្រង ព័ត៌មាននេសាទ ប្រព័ន្ធចុះល្បាតដោយប្រើប្រាស់កម្មវិធីស្មាត (SMART) និងប្រព័ន្ធស្ថិតិ FishStat សម្រាប់ការរាយការណ៍ និងការវិភាគអំពីផលនេសាទ។ ប្រព័ន្ធទាំងនេះ ជួយដល់យើងក្នុងការប្រមូល ទិន្ន័យ វិភាគលម្អិតអំពីនិន្នាការ ដែលជួយដល់ការធ្វើការសម្រេចចិត្តផ្នែកគោលនយោបាយ ក្នុងការ គ្រប់គ្រង និងអភិរក្សធនធានជលផលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងកម្មវិធីអបអរសាទរសមិទ្ធផល៦ឆ្នាំ និងការបិទបញ្ចប់កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន-ផ្នែកនេសាទ “CAPFiSH-Capture”លោកបួយ រតនា អនុប្រធានរដ្ឋបាលជលផល បានថ្លែងថា កម្មវិធីអបអរសាទរសមិទ្ធផល៦ឆ្នាំ និងការបិទបញ្ចប់ កម្មវិធីCAPFISH-Captureនាថ្ងៃនេះ ។
ទស្សនៈវិស័យនៃកម្មវិធីនេះគឺជំរុញការអនុវត្តឱ្យបានសម្រេចនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ និងកម្មវិធីជលផលរយៈពេល៥ឆ្នាំក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣ ឱ្យកាន់តែល្អប្រសើរនិងទទួលបានជោគជ័យ ដើម្បីចូលរួមធានានូវសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះដែរកម្មវិធីនេះមានគោលបំណង គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ទៅនឹងអាកាសធាតុ និង បរិយាបន្ននៃធនធានជលផលទឹកសាបនិងសមុទ្រនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងលក្ខណៈជាជំនួយឥតសំណង។ កម្មវិធីនេះបាននិងកំពុងអនុវត្តរហូតមកទល់ពេលនេះ មានរយៈពេល៦ឆ្នាំកន្លះមកហើយ ដោយបានសហការគ្នាអនុវត្តរវាងរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយដៃគូអភិវឌ្ឍន៍នានា រួមមានអង្គការ FAO, UNESCO, UNIDO និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត រួមមាន WCS, OXFARM, Save the Children, and Aide et Action។
សមិទ្ធផលទាំងអស់នេះមិនអាចកើតមានបានទេបើគ្មានការចូលរួមយ៉ាងសកម្មពីមន្ត្រីជលផលថ្នាក់ជាតិនិងក្រោមជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការដៃគូនានាដូចជា FAO, UNESCO, UNIDO, WCS, OXFARM, Save the Children, and Aide et Action) បងប្អូនអាជីវករក្នុងវិស័យជលផល ប្រជានេសាទ សហភាពអឺរ៉ុបដែលជាម្ចាស់ជំនួយ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលជាក្រសួងសាម៊ី និងក្រសួងពាក់ព័ន្ធនានាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន។ល។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ថវិកាយ៉ាងច្រើនមិនធ្លាប់មាន សម្រាប់អនុវត្តកម្មវិធីនេះ រហូតសម្រេចបានសមិទ្ធផលដ៏អស្ចារ្យនេះ និងសូមថ្លែងអំណរគុណដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានសម្របសម្រួលយ៉ាងរលូនជាមួយនឹងសហភាពអឺរ៉ុបក្នុងការអនុវត្តកម្មវិធីនេះ រហូតទទួលបានជោគជ័យ។ ជាមួយនឹងសមិទ្ធផលទាំងនេះនឹងជំរុញឱ្យរដ្ឋបាលជលផលប្រើប្រាស់ជាទុនក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយនិរន្តរភាពនិងបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការងារការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានជលផល។
លោកស្រី Rebekah Bell អ្នកតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជា បានថ្លែងថា ថ្ងៃនេះគឺជាពេលវេលាដ៏សំខាន់មួយដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលកិច្ចខិតខំប្រឹងប្រែងរួមគ្នានោះសម្រេចបាន។
នៅក្នុងប្រទេសកម្ពុជា ការនេសាទត្រូវបានត្បាញយ៉ាងជ្រៅទៅក្នុងជីវិតប្រចាំថ្ងៃ។ ពួកគេចិញ្ចឹមគ្រួសារ រក្សាជីវភាពរស់នៅ និងគាំទ្រសហគមន៍ទូទាំងប្រទេស។ នោះហើយជាមូលហេតុដែលកម្មវិធីនេះមិនត្រឹមតែអំពីប្រព័ន្ធ ឬឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែអំពីការកសាងមូលដ្ឋានគ្រឹះយូរអង្វែង និងកំណែទម្រង់ដែលមានសារៈសំខាន់ចំពោះប្រជាជននៅនឹងកន្លែង។
នៅពេលដែលយើងឆ្លុះបញ្ចាំងពីដំណើរ CAPFISH-Capture តាមរយៈក្របខ័ណ្ឌ Four Betters របស់ FAO លទ្ធផលនិយាយយ៉ាងច្បាស់អំពីជីវភាពរស់នៅ សន្តិសុខស្បៀង បរិស្ថាន និងសុខុមាលភាពរបស់ប្រជាជន។
សម្រាប់អាហារូបត្ថម្ភកាន់តែប្រសើរ សារៈសំខាន់នៃការនេសាទមិនអាចត្រូវបាននិយាយបំផ្លើសបានទេ។ ត្រីមានចំនួនប្រហែល 76 ភាគរយនៃការទទួលទានប្រូតេអ៊ីនសត្វទូទាំងប្រទេស។ ពេញមួយការអនុវត្តកម្មវិធី ការពង្រឹងការគ្រប់គ្រងការនេសាទត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងសន្តិសុខស្បៀង និងការសម្រេចបាននូវភាពអត់ឃ្លានសូន្យ។ ការគាំទ្រចំពោះផែនការសកម្មភាពជាតិស្តីពីការនេសាទ IUU និងយន្តការអនុលោមភាពដែលប្រសើរឡើង គឺជាមូលដ្ឋានគ្រឹះនៃការការពារប្រភពអាហារដ៏សំខាន់នេះសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
សម្រាប់បរិស្ថានកាន់តែប្រសើរ គំនិតផ្តួចផ្តើមនេះបានធ្វើការរួមចំណែកជាក់ស្តែងក្នុងការការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់។ ក្នុងរយៈពេលប្រាំមួយឆ្នាំ វាបានគាំទ្រយន្តការសម្របសម្រួលសម្រាប់តំបន់អភិរក្សជីវមណ្ឌលទន្លេសាប បានបង្កើតផែនការគ្រប់គ្រងបង្ការភ្លើងឆេះព្រៃលិចទឹកនៅក្នុងខេត្តចំនួនប្រាំមួយ និងពង្រឹងប្រព័ន្ធសម្រាប់ការត្រួតពិនិត្យ ការគ្រប់គ្រង និងការឃ្លាំមើល។ អ្នកយាមល្បាតជាង 200 នាក់ត្រូវបានបណ្តុះបណ្តាល ហើយឧបករណ៍ដូចជា SMART និងប្រព័ន្ធត្រួតពិនិត្យនាវាឥឡូវនេះកំពុងធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យ និងការការពារធនធាននេសាទ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



































