ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាមេឆ្នោតកត់កន្ទុយលេខ ២ នាក់ ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ ចុះបង្ក្រាប កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះរបស់ឈ្មោះ ហុក ស្រេង (ផ្ទះជួល)ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ដ បង្ក្រាបទីតាំងទទួលកត់លេខឆ្នោត (ល្បែងស៊ីសង កន្ទុយលេខ) អត់ច្បាប់អនុញ្ញាតមួយកន្លែងឃាត់មនុស្ស២នាក់ ត្រូវជាម្ដាយនិងកូន ដកហូតបានវត្ថុតាងឧបករណ៍ បញ្ជូនលេខឆ្នោតនិងក្រដាសកត់លេខ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ យើងបានធ្វើកាឃាត់ខ្លួន មនុស្ស ២ នាក់ស្រី ១.ឈ្មោះឈុន រុន ភេទស្រី អាយុ៤២ឆ្នាំ (ប្រពន្ធរបស់ឈ្មោះហុក ស្រេង) ២.ឈ្មោះហុក សៀងលីម ភេទស្រី អាយុ២១ឆ្នាំ (ត្រូវជាកូន) នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ក្រដាសកត់កន្ទុយលេខ មួយចំនួន សៀវភៅកត់ត្រាចំនួនទឹកប្រាក់លេខឆ្នោត ចំនួន ៣ ក្បាល ម៉ាស៊ីនគិតលេខ ១ គ្រឿង ទូរស័ព្ទដៃ ២ គ្រឿង (សាំស៊ុង ១គ្រឿង និងអាយហ្វូន១គ្រឿង) មធ្យោបាយបញ្ជូនលេខឆ្នោតបន្ដ។
បច្ចុប្បន្នមុខសញ្ញាមេឆ្នោតទាំងពីនាក់ម្ដាយ និងកូន ត្រូវបានជំនាញការិយាល័យព្រហ្មទណ្ឌខេត្ដ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ ដោយ ៖ កូឡាប