នេះជារឿងដ៏គួរឲ្យហួសចិត្តមួយ នៅពេលដែលបុរសម្នាក់មិនចេះខ្មាស់អៀនសូម្បីបន្តិច បានធ្វើជាដេកលក់មួយភាំង ដើម្បីបាន «ទ្រោប» ទៅលើស្មានារីរូបស្អាតម្នាក់ នៅក្នុងរថយន្ត Jeep ខណៈកំពុងធ្វើដំណើរនៅក្នុងទីក្រុង Cabanatuan, Nueva Ecija ប្រទេសហ្វីលីពីន ។
បុរសម្នាក់ឈ្មោះ Edward Jerick Vergara Peñaflor បានបង្ហោះវីដេអូដែលកំពុងរីករាលដាលនេះ និងសរសេរនៅលើគណនីហ្វេសប៊ុករបស់គាត់ឲ្យដឹងថា ហេតុការណ៍ដ៏ពុំនឹកស្មានដល់នេះបានកើតឡើង នៅពេលគាត់កំពុងស្ថិតនៅលើរថយន្តនោះជាមួយគ្នា ។
គាត់បានសរសេរជាភាសាហ្វីលីពីនថា៖ «គាត់បានធ្វើឲ្យស្ត្រីម្នាក់ញែកខ្លួន ដើម្បីគាត់អាចចូលទៅអង្គុយជាប់នឹងនាង ។ បន្ទាប់មក គាត់ដាក់ដៃឆ្វេងរបស់គាត់ទៅលើចង្កេះរបស់នាង ។ ប៉ុន្តែ នាងបានរំកិលខ្លួនចេញពីកៅអីរបស់នាង ដើម្បីឲ្យផុតពីដៃរបស់បុរសគ្មានការអៀនខ្មាសនោះ» ។
នៅក្នុងវីដេអូ ស្ត្រីរងរំខានត្រូវបានឃើញយកដៃរបស់នាងច្រានក្បាលរបស់បុរសនោះ ចេញពីស្មារបស់នាង ហើយក្រោយបន្ទាប់មក បានងើបចេញទៅអង្គុយកៅអីផ្សេង ដែលជាហេតុធ្វើឲ្យបុរសធ្វើពុតជាដេករូបនេះ ទប់ជំហរពុំបាន ស្ទើរតែទៅទ្រោបលើស្ត្រីម្នាក់ទៀតតែម្តង ។
បុរសរូបនេះ បន្ទាប់មកបានអង្គុយត្រង់ខ្លួនវិញ ហើយបង្ហាញទឹកមុខស្រគត់ស្រគំ ហាក់ដូចជានៅមមីមមើ និងដឹងពីទង្វើខុសឆ្គងរបស់ខ្លួន ៕ ចន្ទី (ប្រភព៖ coconuts)