ភ្នំពេញ ៖ ប្រពន្ធលួចមានសហាយ ត្រូវប្ដីតាមទាន់ ចាប់មកឲ្យចៅសង្កាត់ពងទឹក ដោះស្រាយ ប៉ុន្តែបន្ទាប់ពីសម្របសម្រួល ខាងស្រី ត្រូវចុះចេញតាមប្រុសស្នេហ៍។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ប្ដីប្រពន្ធមួយគូរ បានរៀបការត្រឹមត្រូវ តាមប្រពៃណីរយៈពេលជាង១០ឆ្នាំមកហើយ ថែទាំងមានកូនប្រុសស្រី២នាក់ ជាចំណងដៃ តែស្រាប់តែថ្មីនេះ ប្រពន្ធចុះចោលប្ដី រត់ទៅតាមប្រុសថ្មី ចោលប្ដី និងកូន ហើយ ប្ដីតាមដានរហូត ឃើញកំពុងដឹកគ្នា ជាមួយប្រុសថ្មី នៅតាមផ្លូវ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ។
បុរសជាប្ដីសុំមិនបញ្ចេញឈ្មោះ ។ ចំណែកប្រពន្ធឈ្មោះ នី ស៊ីណេត អាយុ៣១ ឆ្នាំ មុខរបរ កម្មករកម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ដោយ ឡែកប្រុសសហាយឈ្មោះ យឹម ចាន់វណ្ណៈ អាយុ៣២ ឆ្នាំស្នាក់នៅបុរីសន្ដិភាព២ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្ដី បាននិយាយរៀបរាបប្រាប់ថា ប្រពន្ធរបស់គាត់ បានរៀបការពេញច្បាប់ត្រឹមត្រូវ រយៈពេលជាង១០ ឆ្នាំមកហើយ ដែលបន្សល់នូវកូនប្រុសស្រី២នាក់ តែកន្លងមកថ្មីនេះ ប្រពន្ធរបស់គាត់ បានមានទំនាក់ទំនងជាមួយប្រុសថ្មី (សហាយ) ឈានដល់ការចុះចេញពីផ្ទះ អស់របស់ពេល១០ថ្ងៃ ទើបគាត់(ប្ដី) និងឪពុកក្មេក ដើររករហូតឃើញផ្ទាល់នឹងភ្នែក កំពុងឌុបគ្នាតាមផ្លូវភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក៏បាននាំទាំងប្រុសថ្មី និង ប្រពន្ធមកកាន់សាលាសង្កាត់ពងទឹកតែម្ដង ។
ជាចុងក្រោយ ពេលដែលប្ដីនាំមកដល់សាលាសង្កាត់ពងទឹក ក៏បានលែងលះគ្នា ដោយភាគីខាងប្ដី បានទាមទាសំណងចំនួន៣ពាន់ដុល្លារ និងយកកូនទាំង២យកទៅចិញ្ចឹម។ ចំណែកខាងភាគីខាងប្រពន្ធ ឲ្យចុះចេញទៅដោយខ្លួនទទេ ដើម្បីទៅរួមរស់ជាមួយប្រុសថ្មី ( សហាយ) បន្ដទៀត ៕ ដោយ ៖ កូឡាប