Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-បារាំង បានបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ ដោយជោគជ័យ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងអោយឃើញពីការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងរឹងមាំនៅកម្រិតនយោបាយខ្ពស់បំផុត

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន
លទ្ធផលនៃសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង បានធ្វើជាសហប្រធានកិច្ចពិគ្រោះ យោបល់នយោបាយទ្វេភាគីលើកទី៣ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិគ្រោះយោបល់ នេះបានប្រព្រឹត្តទៅក្នុងបរិយាកាសនៃការជឿទុកចិត្តគ្នា មិត្តភាពជិតស្និទ្ធ និងការសហការ។

ក្នុងឱកាសកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោក Benoît GUIDÉE បានវាយ តម្លៃខ្ពស់លើទំនាក់ទំនងជាដៃគូប្រវត្តិសាស្ត្រប្រកបដោយទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងជា ប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។ សហប្រធានទាំងពីរ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានពិភាក្សាលើវិស័យអាទិភាពនានាដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែម ក្នុងគោលបំណងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ ស្វាហាប់ និងយូរអង្វែងបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួម។ សហប្រធានទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ លើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគវិស័យការពារជាតិនិងសន្តិសុខ បេតិកភណ្ឌ វប្បធម៌ សុខាភិបាល អប់រំ ព្រមទាំងបញ្ហា ក្នុងតំបន់ និងអន្តរជាតិ។

នៅក្នុងក្របខ័ណ្ឌនយោបាយ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងក្ដីពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអះអាង
អំពីការត្រៀមរួចជាស្រេចរបស់កម្ពុជាក្នុងការទទួលដំណើរទស្សនកិច្ចរបស់ឥស្សរៈជនជាន់ខ្ពស់បារាំងមកកម្ពុជា ។

ដើម្បីផ្តល់ជាសន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង ក្នុងគោលបំណងសម្រេចបានភាពជាដៃគូយុទ្ធសាស្រ្តនៅឆ្នាំម ២០២៦។ លោក Benoî GUIDÉE បានបង្ហាញទស្សនៈស្រដៀងគ្នាចំពោះការរីកប៉ានទំនាក់ទំនង នយោបាយរវាងប្រទេសទាំងពីរ និងបានជម្រាបជូន អំពីគម្រោងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី នៃ
ភាពជាដៃគូរយុទ្ធសាស្ត្រ ដែលជាស្នូលនៃកម្មវត្ថុក្នុងការសម្រេចគោលដៅរួមទៅអនាគត ក៏ដូចជាស្ពានក្នុងការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា។ ភាគីទាំងពីរ ក៏បានផ្តល់មតិទៅលើផែនទីបង្ហាញ ផ្លូវរួមសម្រាប់កិច្ចសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះក្នុងការចង្អុលបង្ហាញមាគ៌ាសម្រាប់ទំនាក់ទំនងទ្វេភាគី នាពេលខាងមុខ។

សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានសម្តែងមតិរួមគ្នា លើសារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ លោក Benoît GUIDÉE បានបង្ហាញនូវការគាំទ្រដល់កម្ពុជាក្នុងការហ្វឹកហ្វឺន និងកសាងសមត្ថភាពកងកម្លាំងរក្សាសន្តិភាពរបស់ កម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងសម្ដែងការអរគុណដល់រដ្ឋាភិបាលបារាំង ដែលបានបន្តគាំទ្រកម្ពុជាក្នុងការពង្រឹងទាំងផ្នែកបច្ចេកទេស សមត្ថភាព និងភាសាដល់កងកម្លាំងមួកខៀវកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្វាគមន៍បារាំងចំពោះការ បន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដោះមីននៅកម្ពុជា ជាពិសេសការរួមចំណែកដ៏សំខាន់ក្នុងការសម្រេចឱ្យ បាននូវ គោលដៅ «កម្ពុជាគ្មានមីន នៅឆ្នាំ២០៣០»។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ក្នុងន័យ ស្ថាបនាលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ដែលជាអាទិភាពរួម ព្រមទាំងកិច្ចសហការ កាន់តែជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការចែករំលែកព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។

ក្នុងវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែង នូវអំណរគុណចំពោះភាពជាដៃគូសហប្រតិបត្តិការយូរអង្វែងរបស់រដ្ឋាភិបាលបារាំង ក្នុងការបន្តគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។ ការគាំទ្រនេះផ្ដោតជាពិសេសលើគម្រោងទឹកស្អាត កសិកម្ម ថាមពលបៃតង បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ លោក Benoît GUIDÉE បានលើកឡើងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជាដែលកំពុងស្ថិត នៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាពនៃប្រទេសមានការអភិវឌ្ឍតិចតួចនាប៉ុន្មានឆ្នាំ ខាងមុខនេះ។ សហប្រធានទាំងពីរ ក៏បានលើកឡើងនូវថាមវន្តនៃការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ តាមរយៈវត្តមានក្រុមហ៊ុនធំៗ និងវិនិយោគិនបារាំងនៅកម្ពុជា។ ភាគីទាំងពីរក៏បាន គូសបញ្ជាក់អំពីការលើកកម្ពស់ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងនីតិវិធីនានាក្នុងកិច្ចសហប្រតិបត្តិការ ពន្ធគយ ទោះនៅក្នុងកាលៈទេសៈនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃក៏ដោយ។

កិច្ចពិគ្រោះយោបល់នេះ ក៏បានរំលេចអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និង បេតិកភណ្ឌ ក្នុងភាពជាដៃគូយូរអង្វែង ដើម្បីការថែរក្សា និងការអភិរក្សតំបន់បេតិកភណ្ឌពិភពលោកនៅ កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគម្រោងជួសជុល សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ ក៏ដូចជាគម្រោងនៃកិច្ចសហប្រតិបត្តិការជាមួយសាលាបារាំងសម្រាប់ការ សិក្សាអាស៊ី (EFEO) ជាដើម។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងការខកចិត្ត និងសោកស្ដាយ ជាខ្លាំងអំពីការខូចខាតយ៉ាងធ្ងន់ធ្ងររបស់សម្បត្តិបេតិកភណ្ឌកម្ពុជា រួមមានប្រាសាទតាក្របី និងប្រាសាទ ព្រះវិហារ ដែលបណ្តាលមកពីការឈ្លានពានរបស់កងទ័ពថៃ ហើយបានស្នើសុំភាគីបារាំង មន្ត្រីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារបេតិកភណ្ឌជាប្រវត្តិសាស្ត្រ តែមួយគ្មានពីរ ដែលបាននឹងកំពុងបំផ្លិចបំផ្លាញដោយកងទ័ពថៃ។

លោក Benoît _ GUIDÉE បានបញ្ជាក់ពីគាំទ្រ និងការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីនៅកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី អោយកាន់តែស៊ីជម្រៅ ដូចជាការរៀបចំព្រឹត្តិការណ៍នានា រួមមានភូមិហ្វ្រង់កូហ្វូនី (Francophonie Village) និងហ្វ្រង់កូតិច (Francotech) ជាដើម។

ក្នុងឱកាសកិច្ចប្រជុំពិគ្រោះខាងលើនេះផងដែរ សហប្រធានទាំងពីរ បានឯកភាពលើតម្រូវការក្នុងការ ពង្រឹងធនធានមនុស្សតាមរយៈការអប់រំឧត្តមសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញឌីជីថល ក៏ ដូចជាបន្តកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងវិស្វកម្ម។ ភាគីទាំងពីរក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត យូរអង្វែងរបស់ខ្លួនក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងគាំទ្រដល់ការសន្ទនាដោយសន្តិវិធី និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងពិភពលោក ក៏ដូច ជាការវិវត្តចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ភាគីកម្ពុជា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់ កម្ពុជាទៅលើការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែល បានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ប្រកបដោយសុឆន្ទៈខ្ពស់បំផុត។
កិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងកម្ពុជា-បារាំង បានបញ្ចប់ដោយជោគជ័យ និងទទួល បានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងអោយឃើញពីការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងរឹងមាំនៅកម្រិតនយោបាយខ្ពស់បំផុត និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×