ខេត្តកំពង់ចាម: ស្របពេលដែលរដូវបើកនេសាទក្នុងរដូវប្រាំងគឺបងប្អូនខ្មែរស្លាមព្រមទាំងប្រជាពលរដ្ឋផ្សេងទៀតបាននាំគ្នាអូសមិញតាមបណ្ដោយទន្លេមេគង្គចាប់ពីភូមិសាស្ត្រស្រុកស្ទឹងត្រង់រហូតដល់ស្រុកស្រីសន្ធរជាប់ព្រំប្រទល់ជាមួយនឹងខេត្តកណ្ដាល។ដោយជំនាញជលផលបានធ្វើការណែនាំដល់បងប្អូនប្រជានេសាទក្នុងករណីបាននេសាទបានប្រភេទត្រីធំជាត្រីជាប្រភេទត្រីកម្រឬក៏ត្រីដែលមានស្លាកសញ្ញាជលផល សូមរាយការណ៏មកជំនាញជលផលឱ្យបានដឹងហើយហាមមិនឱ្យធ្វើអាជីវកម្មលក់ដូរ។
លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២៦ធ្នូថា: ក្រសួងកសិកម្មរុក្ខាប្រមាញ់និងមេសាទបានចេញសេចក្តីណែនាំដល់កម្លាំងជលផលតាមបណ្ដោយទន្លេមេគង្គក៏ដូចជាទន្លេសាបក្នុងករណីបើបងប្អូននេសាទបានត្រីប្រភេទធំៗជាត្រីកម្រនោះសូមរាយការណ៍មកជំនាញជលផលដើម្បីធ្វើការអភិរក្ស ដោយមិនអនុញ្ញាតឱ្យលក់ដូរលើទីផ្សារ។
លោកនាយខណ្ឌជលផលកំពង់ចាមបន្តឲ្យដឹងទៀតថា ក្នុងរដូវត្រីត្រូវនេះបងប្អូនបានចេញនេសាទត្រីនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២និង៣០នាទីរសៀល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទដែលបាននេសាទបាន ត្រីរាជ ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី”ក”ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
បន្ទាប់មករូបលោកក៏បានដឹកនាំជំនាញក្រោមឱវាទចុះទៅកាន់ភូមិនោះជាបន្ទាន់។ចំណែកក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលបានកំណត់ទិន្នន័យដូចខាងក្រោម៖
+ត្រីរាជ ភេទ ញី
+ប្រវែង ២១៥សង់ទីម៉ែត្រ
+ទម្ងន់សរុប ៩៧គីឡូក្រាម
+ពាក់ស្លាករដ្ឋបាលជលផល លេខកូដ៥០០
+នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញនាពេលព្រលប់ថ្ងៃដដែល។ដូច្នេះបងប្អូនអ្នកនេសាទតាមដងទន្លេគឺមានការយល់ដឹងច្រើនដោយបានចូលរួមអភិរក្សប្រភេទត្រីកម្របែបនេះ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី










