ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅវេលាម៉ោង ២២:៥០នាទីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សហប្រធានកិច្ចប្រជុំ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និង នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ សម្រេចឯកភាពគ្នាលើខ្លឹមសារ នៃសេចក្តីព្រាង សេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។
សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



