ស្តាប់មួយភ្លែតស្មានតែរឿងប្រឌិត តែវាជាការពិត ខណៈបុរសម្នាក់នៅថ្ងៃបានទៅអង្គុយរង់ចាំឡានក្រុងតាំងពីមេឃនៅងងឹតនៅស្ថានីយ៍រង់ចាំមួយជិតទីលានកប់ខ្មោច នាក្រុងឈៀងម៉ៃ កាលពីព្រឹកថ្ងៃទី ២០ ខែកញ្ញា ម្សិលម៉ិញនេះ ។ គាត់បានក្រឡេកឃើញមនុស្សម្នាក់កំពុងអង្គុយរង់ចាំនៅទីនោះតាំងពីមុនខ្លួនមកដល់ ហើយក៏ចាប់ផ្តើមសម្តែងការរាក់ទាក់សន្ទនា…។ ប៉ុន្តែពុំឃើញមានសំឡេងឆ្លើយតប នឹកឃើញថាបុរសនេះកំពុងដេក… ។
រហូតទល់មេឃភ្លឺស្រឡះ គាត់ងាកមើលចំទើបឃើញខ្សែនីឡុងពណ៌ខ្មៅនៅរុំជាប់ក “អ្នករង់ចាំឡានក្រុង” ម្នាក់នោះ ។ គាត់ពិតជាលោះព្រលឹង រត់ទាំងស្លន់ស្លោរទៅប្រាប់ប៉ូលិស ហើយរកអ្នកមកជួយ ។
ប៉ូលិសក៏មកដល់ ហើយខ្សែនៅជាប់កនឹងពុំឃើញមានសភាពច្របូកច្របល់អ្វីនៅកន្លែងកើតហេតុទេ ។ គេក៏បញ្ជូនសាកសពទៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យ ។
ប៉ូលិសឲ្យដឹងថា ពុំទាន់កំណត់បានអត្តសញ្ញាណរបស់ជនរងគ្រោះទេ គ្រាន់តែដឹងថា គាត់មានវ័យចន្លោះពី ៥៥-៦០ឆ្នាំ ហើយស្លាប់មុននេះប្រមាណ ១០ម៉ោង ។
ចំណែកបុរសនោះវិញ ក៏ពុំទាន់បាត់ការភ័យតក់ស្លុតនៅឡើយ ព្រោះតែបាននៅក្បែរ ហើយ “ជជែក” នឹងសាកសពទៀតនោះ ៕ លីសា