នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) តំណាងមន្ត្រីជលផល និងក្រុមការងារក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូអាជ្ញាធរទន្លេសាប ដែលមានសមាជិកមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អញ្ជើញចុះស្វែងយល់ជាក់ស្តែងការធ្វើអាជីវកម្មឡូត៍នេសាទ ការប្រមូលផលត្រីគន្លងដាយត្រីលេខ១៥តាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូអាជ្ញាធរទន្លេសាប រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អង្គការស្បៀងអាហារ និងកសិកម្ម (FAO) តំណាងមន្ត្រីជលផល និងក្រុមការងារក្រសួងកសិកម្ម ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះស្វែងយល់ជាក់ស្តែងការធ្វើអាជីវកម្មឡូត៍នេសាទ គន្លងដាយជួរលេខ១៥ និងលេខ១៣ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងសកម្មភាពបងប្អូនប្រជាពលរដ្ឋមកធ្វើការកែច្នៃ ប្រហុក ផ្អក និងត្រីឆ្អើរ នៅតំបន់ឡូត៍ដាយជួរលេខ១៣។
ថ្លែងក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីសារសំខាន់នៃការចូលរួមដោយយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិបឹងទន្លេសាប ដូចជាត្រី សត្វស្លាប សត្វល្មូន ព្រៃឈើ ដើម្បីបង្កើនទិន្នផលត្រី រក្សាបាននូវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងជួយលើកកម្ពស់ដល់ជីវភាពប្រជាជនកម្ពុជាឱ្យកាន់តែធូរធារ។
សូមបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ បានជូនដំណឹងពីរដូវនេសាទឆ្នាំ២០២៥-២០២៦ ដោយបានបញ្ជាក់ថា ត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៦កើត ដល់ថ្ងៃពុធ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង៕ រក្សាសិទ្ធដោយ៖សុទ្ធលី




















