ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៧ខែធ្នូនេះ បានមានប្រសាសន៍ថា បងប្អូនខ្លះយល់ច្រឡំថា បទឈប់បាញ់ដែលកម្ពុជានិងថៃ បានឯកភាពគ្នា និងដែលបានចូលជាធរមានតាំងពីម៉ោង១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះ មានសុពលភាពសម្រាប់រយៈពេលតែ ៧២ ម៉ោង ឬ បីថ្ងៃ។ ការនិយាយនេះ គឺជាការភាន់ច្រឡំ និងមិនត្រឹមត្រូវនោះទេ! ពីព្រោះថាបទឈប់បាញ់នេះត្រូវបានធ្វើឡើងសម្រាប់សន្តិភាពយូរអង្វែង និងមិនមែនសម្រាប់តែរយៈពេលកំណត់ណាមួយឡើយ។ ភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការនានាដែលបានឯកភាពគ្នា។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា យោងតាមចំណុចទី១១ នៃសេចក្តីប្រកាសរួម ក្រោយអនុវត្តបទឈប់បាញ់ពេញលេញ រយៈពេល ៧២ ម៉ោង យោធិនកម្ពុជាទាំង ១៨ រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ថៃ នឹងត្រូវដោះលែង រួចបញ្ជូនមកមាតុភូមិកម្ពុជាវិញ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជា និងថៃបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។
ឯកឧត្តមនេត្រ ភក្រ្តា បានបញ្ជាក់ថា ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំថាបទឈប់បាញ់នេះមានរយៈពេលត្រឹមតែ ៣ ថ្ងៃនោះ។ ជាមួយគ្នានេះសូមបងប្អូនសាធារណជនចូលរួមទាំងអស់គ្នា អនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការទាំងឡាយ ដើម្បីយើងមានបទឈប់បាញ់អចិន្ត្រៃយ៍ និងដើម្បីជាមូលដ្ឋាននៃសុខសន្តិភាពរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




