ព្រះវិហារ៖ អំណោយមនុស្សធម៌ចំនួន២រថយន្តដូចជាភេសជ្ជៈចំនួន១៥៦០កេះ និងទឹកសុទ្ធចំនួន៧០០កេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹកទិសខេត្តព្រះវិហារ ។ ពិធីប្រគល់ទទួលអំណោយទាំងនោះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទទួលផែនភស្តុភា នាព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥នេះ។
កម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន បានសម្រុកចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំចាត់ចែងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ទៅកាន់គោលដៅខេត្តព្រះវិហារ ជាបន្តបន្ទាប់។
ក្នុងកាសនោះដែរ ឯកឧត្តមហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បាននាំមកនូវការសាកសួរសុខទុកពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនវីរកងទ័ពជួរមុខទាំងអស់ បានជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានមានប្រសាសន៍ថា “ក្នុងនាមអ្នកសមរភូមិក្រោយ យើងនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ តែបេះដូង ឆន្ទៈមនសិកា ទឹកចិត្ត ស្មារតីនៅជាប់ជាមួយបងប្អូនវីរកងទ័ពយើងជាដរាប ដោយមិនបោះបង់បងប្អូនចោលឡើយ។ ជាក់ស្តែងកម្លាំងមហាសាមគ្គីនៃមហាគ្រួសារខ្មែរនៅទូទាំងប្រទេស និយាយជារួម និងដោយឡែកនៅរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបាននាំគ្នាមកបរិច្ចាគថវិកា និងគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់តាមធនធានរៀងៗខ្លួនចម្រុះមុខ ចាប់តាំងពីរដ្ឋបាលរាជធានីចេញសេចក្តីអំពាវនាវរួចមក។ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងវេចខ្ចប់ដឹកជញ្ជូនយកទៅប្រគល់ជូនជាបន្តបន្ទាប់ តាមគោលដៅដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ជាចាំបាច់”។
នាឱកាសនោះ លោកស្នងការរង បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងាររបស់សាលារាជធានីភ្នំពេញទាំងអស់ ដែលតែងតែបានខិតខំខ្នះខ្នែងកៀរគរស្វែងរកមូលនិធិពីសប្បុរសជន មានប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា ចូលរួមបរិច្ចាគធនធានតាមលទ្ធភាពរៀងៗខ្លួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់សមរភូមិជួរមុខ ក៏ជារដ្ឋបាលខេត្តព្រះវិហារគ្រប់កាលៈទេសៈ។
សូមរំលឹកថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ថ្ងៃទី២៨ខែធ្នូនេះ កម្ពុជារងផលប៉ះពាល់ទាំងតំបន់ស៊ីវិល ពលរដ្ឋស៊ីវិល ស្លាប់ របួស និងខូចខាតសំណង់អគារហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល ដូចខាងក្រោម៖
១-ករណីពលរដ្ឋស្លាប់ និងរបួស៖ សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ មានពលរដ្ឋស្លាប់ ចំនួន៣១នាក់ និងរបួសចំនួន៩១នាក់។
២-ករណីពលរដ្ឋនៅជំរំភៀសសឹក៖ សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ មានជនភៀសសឹក សរុប ៦៣៦.១០៥នាក់ ក្នុងនោះស្ត្រី ៣៣១.៩០០នាក់ និងកុមារ២០១.៥១១នាក់។ តួលេខនេះ អាចមានការប្រែប្រួល ជាបន្តបន្ទាប់ទៀត។
៣-ករណីខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ ការខូចខាតទ្រព្យសម្បត្តិឯកជន រួមមាន ផ្ទះ១៥១ខ្នង អគារឯកជន៦ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ប្រេង១ រថយន្ត ២៨គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ ១ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ រួមមាន សាលារៀន៦ មណ្ឌលសុខភាព២ សំណង់អគារ១៤ វត្តអារាម៥ សាលាឆទាន១ រថយន្ត១គ្រឿង ប្រាសាទបុរាណមួយចំនួន ស្ពាន៥ ផ្សារ១ ផ្លូវចំនួន៣ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។ ពេលនេះ មានពលរដ្ឋខ្មែរជាង៦០ម៉ឺននាក់ រួមទាំងស្ត្រីជាង៥០% និងកុមារជាង៣០% បានកំពុងបង្ខំចិត្តរស់នៅក្នុង ជំរំភៀសសឹក ផ្ទះសំបែងសាច់ញាតិ ដោយសារសុវត្ថិភាព និងការខូចខាតខ្ទេចខ្ទីផ្ទះសំបែង និងភូមិកររបស់ខ្លួន៕រក្សាសិទ្ធដោយ៖សុទ្ធលី







