ក្រោយពីកម្ពុជាថៃបានឯកភាពលើបទឈប់បាញ់បន្ទាន់ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានចេញសារនៅលើបណ្តាញសង្គមដោយឯកឧត្តមប្រធានាធិបតី បានបង្ហាញពីសេចក្តីរីករាយចំពោះការសម្រេចបាននូវបទឈប់បាញ់មួយរវាងកម្ពុជានិងថៃ ហើយប្រជាជននៃប្រទេសទាំងពីរត្រឡប់ទៅរស់នៅក្នុងសន្តិភាពវិញ តាមកិច្ចព្រមព្រៀងដើមដែលបានឯកភាពគ្នា។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីក័បានអបអរសាទរដល់មេដឹកនាំកម្ពុជាថៃក្នុងការសម្រេចនូវបទឈប់បាញ់នេះ។
ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក បានថ្លែងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ជម្លោះបាញ់ប្រហារគ្នារវាងកម្ពុជា និងថៃ នឹងបញ្ចប់ក្នុងពេលដ៏ខ្លី ហើយពួកគេនឹងត្រឡប់ទៅរស់នៅក្នុងសន្តិភាពវិញ ដូចដែលយើងបានយល់ព្រមជាមួយគ្នាកាលពីពេលថ្មីៗនេះ»។
ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានលើកឡើងក្នុងបណ្តាញ Truth Social X នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ យ៉ាងដូច្នេះថា «ខ្ញុំចូលរួមអបអរសាទរមេដឹកនាំដ៏អស្ចារ្យទាំងពីរ ចំពោះភាពប៉ិនប្រសប់របស់ពួកគេក្នុងការឈានទៅដល់ការសម្រេចដ៏លឿន និងយុត្តិធម៌នេះ។ ការសម្រេចដ៏រហ័ស និងត្រឹមត្រូវ បានធ្វើឱ្យស្ថានភាពគឺដូចជានៅពេលនេះ»។
ក្នុងសារដដែលនោះ ឯកឧត្តម ត្រាំ បានឆ្លៀតវាយប្រហារអង្គការសហប្រជាជាតិ (UN) យ៉ាងចាស់ដៃ ដោយលើកឡើងថា សហរដ្ឋអាមេរិកហាក់បីដូចជាបានក្លាយជា «អង្គការសហប្រជាជាតិពិតប្រាកដ» ទៅហើយ ហើយឯកឧត្តម បានបន្ថែមថា ដូចសព្វមួយដង សហរដ្ឋអាម៉េរិកមានមោទនភាពក្នុងការជួយបញ្ចប់សង្គ្រាម និងជម្លោះ ហើយដែលខ្ញុំបានដោះស្រាយ និងបញ្ឈប់ក្នុងរយៈពេលដប់មួយខែចុងក្រោយ គឺប្រហែលជា ៨ក្នុងរយៈពេល ១១ខែចុងក្រោយនេះ ។
ឯកឧត្តមបានរិះគន់ថា UN ហាក់បានផ្តល់ជំនួយតិចតួចបំផុតក្នុងជម្លោះនានា រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ ហើយបានជំរុញឱ្យស្ថាប័នពិភពលោកមួយនេះ «ចាប់ផ្តើមសកម្ម និងចូលរួមក្នុងសន្តិភាពពិភពលោក» ឱ្យបានពិតប្រាកដ ៕
សូមរម្លឹកថា កម្ពុជា និងថៃ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយក្នុងនោះមានការប្រកាសពីបទឈប់បាញ់បន្ទាន់ ចាប់ពីវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






