ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិត ចុះហត្ថលេខា និងបោះត្រាដោយ លោក យន្ត មីនអភិបាលខេត្តព្រះសីហនុ បានសម្រេចតែងតាំង និងផ្លាស់ប្តូរភារកិច្ច ប្រធាន – អនុប្រធានការិយាល័យក្រោមឱវាទ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដី ខេត្តព្រះសីហនុជាច្រើនរូប។
មន្ត្រីរដ្ឋបាលខេត្តឲ្យដឹងថា ពិធីប្រកាសតែងតាំង និងផ្លាស់ប្តូរភារកិច្ច ប្រធាន – អនុប្រធានការិយាល័យក្រោមឱវាទមន្ទីរនេះ ក្រោមវត្តមាន លោក ផៃ ប៊ុនវណ្ណៈអភិបាលរងខេត្តព្រះសីហនុ ក្នុងនាមជាតំណាង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមដិការ សម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញថា ពិធីខាងលើនេះ គឺមានមន្ត្រីជាច្រើនរូប ដែលបានទទួលការតែងតាំង និងផ្លាស់ប្តូរភារកិច្ច។ ក្នុងនោះ ក៏មានការផ្លាស់ប្តូរតំណែងមន្ត្រីចេញពីមន្ទីររៀបចំដែនដីខេត្ត ឲ្យទៅទទួលការងារ ក្នុងជួរថ្នាក់ដឹកនាំ តាមការិយាល័យរៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងភូមិបាល ស្រុក- ក្រុង ហើយមន្ត្រីថ្នាក់ដឹកនាំតាមការិយាល័យរៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងភូមិបាលស្រុក- ក្រុង មួយចំនួនក៏ត្រូវបានផ្ទេរភារកិច្ចមកជាមន្ត្រីទទួលខុសត្រូវ នៅថ្នាក់ការិយាល័យជំនាញក្នុងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុជំនួសវិញដែរ។
ចំពោះការផ្លាស់ប្តូរនេះទាំង លោក ចេង ស្រ៊ុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ និង លោក ផៃ ប៊ុនវណ្ណៈអភិបាលរងខេត្ត បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការផ្លាស់ប្តូរភារកិច្ចខាងលើនេះ គឺជាការងារធម្មតា របស់ស្ថាប័នរដ្ឋ ហើយមិនពាក់ព័ន្ធ ការដាក់ពិន័យទៅលើមន្ត្រីរូបណាមួយនោះទេ៕ ដោយ៖ ដែន សីមា