ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ ឲ្យដឹងថា កាលពីម៉ោងជិត១១យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅហាងខារ៉ាអូខេ ខាងក្រោយពេទ្យចំការចេក សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីជម្លោះហិង្សាមួយបានកើតឡើង។
សមត្ថកិច្ចឲ្យដឹងថា អំពើហិង្សាខាងលើនេះ បង្កដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវ៉ៃដំជនរងគ្រោះ រួចរត់គេចខ្លួនបាត់។
លោកអធិការបន្តថា ក្រោយបង្កហេតុ ភ្លាមៗ កម្លាំងជំនាញ នៃអធិការនគរបាលក្រុង បានចុះអន្តរាគមន៍ ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធចំនួន៣នាក់។
ចំណែកជនដៃដល់ លោក ភុល ភស្តា បញ្ជាក់ថា បានរត់គេចខ្លួនបាត់ ហើយពេលនេះ កម្លាំងជំនាញកំពុងស្វែងរកចាប់ខ្លួន។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ដែលបានឃាត់ខ្លួនមានឈ្មោះ លាយ ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុម ទី២៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ឈ្មោះ ផុន ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់រុឺម៉កម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈ្មោះ អាង ម៉េងភេទប្រុស អាយុ២៥ឆ្នាំ មុខ របររត់រុឺម៉កម៉ូតូបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ចំណែកជនរងគ្រោះឈ្មោះ គឿង គុយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់រុឺម៉កម៉ូតូ បច្ចុប្បន្នរស់នៅក្រុមទី៨ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រងរបួសបែកក្បាល បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅគ្លីនិកឯកជន(ពេទ្យដើមស្វាយ)។
សមត្ថកិច្ចឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត៕ ដោយ៖ ដែន សីមា