ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នគរបាលចរាចរណ៍ផ្លូវគោក បានល្បាតចុះចាប់រថយន្តធុនធំ ឬធុនធ្ងន់ និងរថយន្តដឹកដី ចូលក្នុងក្រុងព្រះសីហនុពេលថ្ងៃ ឬចូលក្រុង ខុសពេលវេលា ដែលរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់បានចំនួន៦គ្រឿង ដើម្បីផាកពិន័យ និងធ្វើកិច្ចសន្យាព្រមាន។
មន្ត្រីនគរបាលដដែលឲ្យដឹងទៀតថា សកម្មភាពទី១ គឺបានចាប់ឃាត់រថយន្តដឹកដី ចំនួន៣គ្រឿង នៅត្រង់ចំណុច ភ្លើងស្តុបផ្សារពាណិជ្ជកម្ម ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ មានរថយន្តម៉ាក NISSAN ពាក់ផ្លាកលេខចង្កូតស្តាំ PP-0442។ រថយន្តម៉ាក NISSAN ពាក់ផ្លាកលេខចង្កូតស្តាំ PP-1117 និង រថយន្តម៉ាក HYUNDAI ពាក់ផ្លាកលេខភ្នំពេញ3A-7829។
សមត្ថកិច្ចបន្តថា រថយន្តដឹកដីទាំង ៣គ្រឿងខាងលើនេះ ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។
ចំណែកការឃាត់រថយន្តលើកទី២ គឺឃាត់រថយន្តធុនធំដឹកដែក ចំនួន ៣គ្រឿង ដែលបានចូលក្រុង នៅត្រង់ចំណុច ស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានរថយន្តម៉ាក CUSTOM ពណ៌ ពាក់ផ្លាកលេខភ្នំពេញ3E-4118។ រថយន្តម៉ាក CUSTOM ពាក់ផ្លាកលេខភ្នំពេញ3E-3694 និង រថយន្តម៉ាក CUSTOM ពាក់ផ្លាកលេខភ្នំពេញ3E-3414។
សមត្ថកិច្ចឲ្យដឹងថា រថយន្តធុនធំទាំង ៣គ្រឿងខាងលើនេះ សមត្ថកិច្ចបានយកទៅរក្សាទុកនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងដោះស្រាយពេលក្រោយ៕ ដោយ៖ ដែន សីមា