Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡា​ការិនី ស្នូឃ័រ និង​ប៊ីយ៉ា​ស្រួង ភាវី ឈ្នះ​មេដាយ​សំរឹទ្ធ ជើងឯក​ពិភពលោក​

​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ចេញ​សេចក្តីប្រកាស អបអរសាទរ​កីឡា​ការិនី ស្នូឃ័រ និង​ប៊ីយ៉ា ជម្រើសជាតិ​កម្ពុជា ស្រួង ភាវី ឈ្នះ​មេដាយ​សំរឹទ្ធ ពី​ការប្រកួត​កីឡា​ស្នូឃ័រ​ជើងឯក​ពិភពលោក 3-Cushion-World Championship Ladies លើក​ទី​៨ នៅ​ទីក្រុង Izmir សាធារណរដ្ឋ​តួ​ក​គី ដោយ​ទទួលបាន​មេដាយ​សំរឹទ្ធ​មួយគ្រឿង បន្ទាប់​បាន​ឆ្លងកាត់​ចំនួន ៥​ប្រកួត​។​

​កីឡាការិនី​ជម្រើសជាតិ​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា ស្រួង ភាវី ទទួលបាន​មេដាយ​សំរឹទ្ធ ក្រោយ​ចាញ់​កីឡាការិនី​ជប៉ុន ៣០-១០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ការប្រកួត​ជើងឯក​ស្នូឃ័រ ពិភពលោក​នៅ​ប្រទេស​តួ​ក​គី ដែល​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី​២០​កញ្ញា​។​
​កីឡាការិនី​តំណាង​ឲ្យ​កម្ពុជា ស្រួង ភាវី ធ្វើ​បាន​ល្អ​ក្នុង​ការប្រកួត​សន្សំ​ពិន្ទុ ក្នុង​ពូ​ល​រហូត​ឡើង​វគ្គ​៨​នាក់​ចុងក្រោយ និង​វគ្គ​៤​នាក់​ចុងក្រោយ ប៉ុន្តែ​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ឬ​វគ្គ​៤​នាក់​ចុងក្រោយ​បាន​ចាញ់​កីឡាការិនី​ជប៉ុន Orie HIDA ដោយ​ពិន្ទុ ៣០-១០ ដែល​បាត់បង់​ឱកាស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។ តាមពិតទៅ ភាវី ធ្លាប់​បាន​ឈ្នះ​កីឡាការិនី​ជប៉ុន​រូបនេះ ដោយ​ពិន្ទុ ២៥-២៤ ក្នុង​សន្សំ​ពិន្ទុ​តាម​ពូ​ល​។​
​ចំពោះ​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​កីឡាការិនី​ហុ​ល្លង់ Therse Klompenhouwer ដែល​ទទួលបាន​មេដាយមាស បន្ទាប់​ពី​ឈ្នះ​កីឡាការិនី​ជប៉ុន Hida ដែល​ទទួលបាន​មេដាយប្រាក់ ខណៈ​កីឡាការិនី​ម្ចាស់ផ្ទះ​ទួរគី Gulsen DEGENER បាន​លេខ​៤​ទទួលបាន​មេដាយ​សំរឹទ្ធ​ផ្ទួន​។​

​ស្រួង ភាវី នឹង​ទទួលបាន​ប្រាក់រង្វាន់ ៦៤​លាន​រៀល (១៦០០០ ដុល្លារ​អាមេរិក​) តាម​អនុក្រឹត្យ​រាជរដ្ឋាភិបាល​។ មេដាយ​សំរឹទ្ធ​នេះ​គឺ​ស្មើ​នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ព្រឹត្តិការណ៍ (8th World Championship Ladies 3-Coshion Izmir )​។​

​បើ​តាមផេក​ហ្វេស​ប៊ុក អ្នកស្រី ស្រួង ភាវី បាន​ថ្លែងថា “​ខ្ញុំ​ជា​កូនស្រី​របស់​កម្ពុជា ត្រូវតែ​ក្លាហាន ត្រូវ​តែ​រឹងមាំ ដើម្បី​ដើរលើ​ពិភពលោក ខ្ញុំ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ លេខ​៣ ពី​ការប្រកួត​កីឡា​ស្នូឃ័រ ជើងឯក​ពិភពលោក នៅ​តួ​ក​គី ជា​ការប្រគួត​ដំបូង​សម្រាប់​ខ្ញុំ សូម​អរគុណ​ពុក​ម៉ែ​បងប្អូន នៅ​កម្ពុជា​ទាំងអស់​”៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

×