ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការ បានលើកឡើង អំពីសមិទ្ធផលសម្រេចបានសំខាន់ៗ ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កាលពីអាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃសុក្រទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង មានការរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ផងដែរ។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសេចក្តីព្រាងផែនការសកម្មភាព១០០ថ្ងៃរបស់ ក្រសួង ដើម្បីបង្កើនសក្តានុពលក្នុងការជួយ ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យមានវឌ្ឍនភាពប្រាកដ និងបន្តផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពក្នុងការលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើងថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានណែនាំ និងជំរុញលើកទឹកចិត្ត ដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបន្តការខិត ខំប្រឹងប្រែងធ្វើការងារ ឲ្យកាន់តែសកម្ម និងប្រកបដោយភាព ទទួលខុសត្រូវនៅតាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ ដល់ក្រសួង និងប្រទេសជាតិទាំងមូល។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីក្រោមឱវាទទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងធ្វើការប្រកប ដោយជោគជ័យកន្លងមក និងបានសំណូមពរ ឱ្យបន្តការប្តេជ្ញាចិត្តរបស់ខ្លួនប្រកប ដោយឆន្ទៈខ្ពស់ ដើម្បីជោគជ័យរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល និងប្រទេសជាតិមាតុភូមិយើង ត្រូវមានស្មារតីសហការគ្នាល្អ និងរួបរួមសាមគ្គីគ្នា ក្រោមដំបូលមហាគ្រួសារ ក្រសួងសាធារណការ និងដឹក ជញ្ជូនទាំងមូល៕ ដោយ ៖ បញ្ញាស័ក្តិ