កោះកុង៖ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីថាមពល បានមានប្រសាសន៍ថា គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦និង២០២៧ ដូចផែនការរបស់រាជរដ្ឋាភិបាល។ គម្រោងនេះនឹងដើរតួនាទីសំខាន់ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និងពង្រឹងស្ថិរភាពឱ្យបណ្តាញអគ្គិសនីកម្ពុជា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបែបនេះនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះក្នុងឱកាសអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងឱ្យដឹងថា គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់នេះ មានទូរប៊ីនចំនួនពីរ ដែលទូរប៊ីននីមួយៗមានថាមពល ៤៥០មេហ្គាវ៉ាត់ ដែលជាបច្ចេកវិទ្យាក្រុមហ៊ុន Mitsubishi របស់ជប៉ុន សហការជាមួយក្រុមហ៊ុន Dongfang Electric របស់ចិន ដែលវិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។
ឯកឧត្តមបញ្ជាក់ថា គម្រោងថាមពលអគ្គិសនីនេះ មិនត្រឹមតែជានិម្មិតរូបនៃការសហការគ្នាផ្នែកពាណិជ្ជកម្មបីប្រទេស គឺកម្ពុជា ជប៉ុន និងចិននោះទេ ប៉ុន្តែក៏បង្ហាញឱ្យឃើញពីការជឿទុកចិត្ត លើការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផងដែរ ។ គម្រោងនេះនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ ថាមពល ៤៥០មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២៦នេះ ហើយ៤៥០មេហ្គាវ៉ាត់ទៀត នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា នៅពេលដែលគម្រោងថាមពលអគ្គិសនីនេះ ដំណើរការទៅតាមផែនការ នឹងជួយផ្តល់អគ្គិសនីបន្ថែមឱ្យព្រះរាជាណាចក្រកម្ពុជា ជួយពង្រឹងឯករាជ្យភាពថាមពលជាតិ ក៏ដូចជាពង្រឹងស្ថិរភាពបណ្តាញជាតិ បើកផ្លូវឱ្យមានការដាក់ឱ្យប្រើប្រាស់នូវថាមពលអគ្គិសនីដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យបន្ថែមទៀត។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។ គម្រោងមួយនេះ នឹងក្លាយជារោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី































