ភ្នំពេញ៖ នាថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ សម្រេចបាន ៥៤,២០% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វឌ្ឍនភាពគម្រោងគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ សម្រេចបាន ៥៤,២០ % លឿនជាងផែនការ ៣,៤៥% ក្នុងនោះ ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនា សម្ព័ន្ធ ក្រោមស្ពានសម្រេចបាន៨៩% (ជញ្ជាំងក្បាលស្ពាន ចំនួន៤ សម្រេចបាន ២ ក្បាលសសរស្ពានចំនួន៤ សម្រេចបាន ២ តួសសរស្ពាន ១២ រួចរាល់ សសរស្ពាន៥២ រួចរាល់ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពាន ចំនួន៣៤ សម្រេចបាន៣០ ធ្នឹម )។ ៣/ រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន២៩% ( ធ្នឹមT តម្លើង ១៨០ ដើម សម្រេចបាន ៨៣ និងធ្នឹម T ចាក់នៅកន្លែង ១៨០ ដើម សម្រេចបាន ៦៦ )។ ៤/បណ្តាញ ផ្លូវសម្រេចបាន ៣១,៣០ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ២៩% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៣៦%)។
ក្រុមការងារបានចុះពិនិត្យស្ថានភាពជម្រើសតម្រាយផ្លូវសម្រាប់ដឹកជញ្ជូនធ្នឹម T ពីការដ្ឋានចាក់ធ្នឹម ខាងលិចស្ពានទៅខាងកើតស្ពាន ដោយជំរុញឱ្យក្រុមហ៊ុនសាងសង់សិក្សាគិតគូរឱ្យបានល្អិតល្អន់បន្ថែម លើជម្រើសខ្សែផ្លូវ និងប្រភេទមធ្យោបាយដឹកជញ្ជូន ដើម្បីជៀសវាងការខូចខាតផ្លូវនិងស្ពាន ដែលមាននៅលើដងផ្លូវដែលត្រូវជ្រើសរើសសម្រាប់ការដឹកជញ្ជូនធ្នឹម។
ក្រុមការងារវាយតម្លៃខ្ពង់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភ័ណភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















