ក្រចេះ ៖ តុលាការខេត្តក្រចេះ បានចេញដីកាឃុំខ្លួនជនសង្ស័យ២នាក់បងប្អូនដាក់ពន្ធនាគារខេត្ត នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ពីបទធ្វើសកម្មភាពលក់ក្មួយស្រីបង្កើតឲ្យទៅបុរសជនជាតិចិន នៅប្រទេសចិន ធ្វើជាប្រពន្ធ កាលពីឆ្នាំ២០១៦ ។
នគរបាលជំនាញប្រឆាំងការជួញដូរខេត្តក្រចេះ បានឲ្យដឹងថា ក្រោយការបើកការស៊ើបអង្កេត និងនាំខ្លួនមកសាកសួរជនសង្ស័យប្រុស ស្រីទាំង២នាក់បងប្អូនបង្កើតនេះត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសខុសច្បាប់ជួញដូរមនុស្សឆ្លងដែន និងបទក្លែងឯកសារ ហើយក៏ត្រូវបានតុលា ការឃុំខ្លួនពួកគេទាំង២នាក់នៅពន្ធនាគារខេត្តនៅរសៀលថ្ងៃទី២១ កញ្ញា ។
លោកស្រីវរសេនីយ៍ឯក នៅ រតនា ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ស្ត្រីរងគ្រោះអាយុ២១ឆ្នាំ ត្រូវជាក្មួយស្រីបង្កើតរបស់ជនសង្ស័យទាំង២នាក់ មានទីលំនៅឃុំកំពង់ដំរី ស្រុកឆ្លូង បានរងគ្រោះដោយត្រូវពួកគេល្បួងយកទៅលក់ឲ្យបុរសជនជាតិចិននៅប្រទេសចិន តាមរយៈខ្សែបណ្តាញរបស់ពួកគេតាំងពីឆ្នាំ២០១៦ ហើយនៅពេលនេះ នារីរងគ្រោះមានផ្ទៃពោះចំនួន៨ខែ និងត្រូវបានបញ្ជូនមកស្រុកកំណើតវិញ កាលពីពាក់កណ្តាលឆ្នាំ២០១៨។ ចំណែក ជនសង្ស័យ ឈ្មោះពៅ សារ៉ាត់ ភេទប្រុស អាយុ ៤៦ឆ្នាំ និងឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ៥៥ឆ្នាំ ។ ជនសង្ស័យទាំងពីរនាក់ត្រូវជាបងប្អូនបង្កើតរបស់ម្តាយនារីរងគ្រោះ។
នគរបាលបានឲ្យដឹងថា កាលពីឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់នេះបានល្បួងនារីរងគ្រោះយកទៅលក់ឲ្យបុរសជនជាតិចិននៅប្រទេសចិនតាមរយៈខ្សែបណ្តាញរបស់ពួកគេនៅប្រទេសចិន។ ជនសង្ស័យ បានក្លែងឯកសារមួយចំនួន សម្រាប់សម្រួលដល់ការឆ្លងដែនរបស់នារីរងគ្រោះទៅប្រទេសចិន។ ពេលទៅដល់ប្រទេសចិន នារីត្រូវបានបង្ខំឲ្យយកប្តីជនជាតិចិន និងត្រូវរងការវាយធ្វើបាបពីប្តីជនជាតិចិន ហើយនារីរងគ្រោះបានរត់គេច តែក៏ត្រូវពួកគេលក់បន្តទៅឲ្យបុរសជាជនជាតិចិនម្នាក់ផ្សេងទៀតនៅប្រទេសចិន។ ដោយសារអត់ទ្រាំនឹងការវាយធ្វើបាបពីសំណាក់ប្តីជាជនជាតិចិនលើកទី២នេះមិនបាន នារីរងគ្រោះក៏បានរត់ទៅរកអាជ្ញាធរដើម្បីឲ្យជួយ ហើយក៏ត្រូវបានអាជ្ញាធរចាត់បញ្ជូនមកស្រុកវិញផងដែរ។
ក្នុងអំឡុងពេលជាង២ឆ្នាំ ដែលនារីរងគ្រោះ ត្រូវបានជនសង្ស័យ ជួញដូរឲ្យទៅយកប្តីចិន នៅក្រៅប្រទេស ហើយនារីរងគ្រោះមិនបានទទួលប្រាក់កម្រៃអ្វីនោះទេ ៕ ដោយ ៖ បញ្ញាស័ក្តិ