Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានដាក់ចេញនូវអនុសាសន៍គន្លឹះ ៩ចំនុច ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបាននូវលទ្ធផលការងារសំខាន់ជាច្រើន នាឆ្នាំ២០២៥ កន្លងទៅ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំ ទោះស្ថិតក្នុងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកតានតឹងក៏ដោយ ប៉ុន្តែកម្ពុជាមានគោលជំហរច្បាស់លាស់ក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

តាមរយៈរបាយការណ៍បូកសរុបបានបង្ហាញថាក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានការប្រែប្រួលយ៉ាងណាក៏ដោយ។ កំណត់ត្រាសមិទ្ធផលលេចធ្លោ និងគួរឱ្យកត់សម្គាល់ទាំងនោះ រួមមាន៖ (១)ការធ្វើពិពិធកម្មទីផ្សារ, (២)ការពង្រឹងសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ, (៣)ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការកសាងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ផ្តល់សេវាពាណិជ្ជកម្ម, (៤)ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត, (៥)ការលើកកម្ពស់អភិបាលកិច្ចស្ថាប័ន និងវិស័យឯកជន, (៦)ការរក្សាបាននូវស្ថិរភាពតម្លៃនិងសន្តិសុខស្បៀង, និង(៧)ការលើកកម្ពស់ការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ។ កិច្ចការទាំងអស់ខាងលើ បានឆ្លុះបញ្ចាំងអំពីការដើរតាមមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកបង្គោលចរថ្មីនៃការអនុវត្តអភិក្រម «រក្សាទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» និងការពង្រឹងភាពធន់នៃពាណិជ្ជកម្មកម្ពុជា ក្នុងកាលៈទេសៈនៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាបានឈានពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសដែលមានមូលដ្ឋានផលិត-នាំចេញចម្រុះ (អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម) ជាមួយនឹងការបំបែកកំណត់ត្រាវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ២ឆ្នាំជាប់គ្នា ដែលក្នុងឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៦៣០ គម្រោង ក្នុងទុនវិនិយោគ ១០ពាន់លានដុល្លារ បង្កើតការងារបានជាង ៤៣ម៉ឺនកន្លែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះ ៩ចំនុច ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រួមមានដោយសង្ខេបដូចជា៖ (១)ពង្រីកទីផ្សារនាំចេញដោយបន្តអនុវត្តអភិក្រម «រក្សាទីផ្សារចាស់ ពង្រីកទីផ្សារថ្មី», (២)ឌីជីថលូបនីយកម្មសេវាសាធារណៈ, (៣)ពង្រឹងអភិបាលកិច្ច និងកិច្ចការពារអ្នកប្រើប្រាស់,(៤)លើកកម្ពស់ផលិតផលក្នុងស្រុក, (៥)ទាក់ទាញការវិនិយោគលើឧស្សាហកម្មគាំទ្រនានា, (៦)ត្រៀមខ្លួនរៀបចំយុទ្ធសាស្ត្រសម្រាប់ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC), (៧)គាំទ្រសមត្ថភាពសហគ្រាសនាំចេញ ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs),(៨)អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងគ្រប់គ្រងសុវត្ថិភាពការលក់អនឡាញ, និង (៩)កាត់បន្ថយរបាំងពាណិជ្ជកម្ម និងចូលរួមឱ្យបានស្និទ្ធស្នាល ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានា តាមរយៈយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន។

មុននឹងប្រកាសបិទអង្គសន្និបាតជាផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំពឹងយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងពាណិជ្ជកម្ម នឹងបន្តខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងស្មារតីបុរេសកម្មនិងសកម្ម ដើម្បីប្រែក្លាយបញ្ហាប្រឈមសកល ឱ្យទៅជាកាលានុវត្តភាពពិតប្រាកដសម្រាប់កម្ពុជា សំដៅសម្រេចឱ្យបាននូវទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ដែលបានដាក់ចេញដោយអង្គសន្និបាតនាថ្ងៃនេះ និងឆ្ពោះទៅរកការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនប្រកបដោយបរិយាបន្ន ចីរភាព វិបុលភាព និងឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×