ពោធិ៍សាត់៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានចុះបង្រាបករណី ហិង្សាដោយចេតនា ដែលបង្កឡើងដោយក្រុមក្មេងទំនើងចំនួន២ក្រុម នៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី៨ ខែមករាឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ដោយក្រុមក្មេងទំនើង មានចំនួន២ក្រុម ភាគីបង្កនៅភូមិអន្លង់ក្រាយមានគ្នាចំនួន៥នាក់ ១.ឈ្មោះ កែវ កំសត់ ហៅអាហើម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអន្លង់ក្រាយ ជាជនដៃដល់គ្មានរបួស(ឃាត់ខ្លួនបាន)២.ឈ្មោះ ជា សុភី ហៅអាឡុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអន្លង់ក្រាយ មិនមានរបួស (ឃាត់ខ្លួនបាន) ៣.ឈ្មោះ ហួត លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអន្លង់ក្រាយ រងរបួសក្បាលស្រាល(ឃាត់ខ្លួនបាន)
៤.ឈ្មោះ កែវ សារួន ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិអន្លង់ក្រាយ ជាអ្នកចូលឃាត់(រងរបួសជើងខាងឆ្វេងស្រាល)មកព្យាបាលនៅពេទ្យបឹងខ្នាររួចត្រឡប់ទៅផ្ទះវិញ។និងភាគីភូមិផ្សារអណ្តែត ១-ឈ្មោះ ជន ជី ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិផ្សារអណ្ដែតកូនម្ចាស់ផ្ទះ(គ្មានរបួស) ២.ឈ្មោះ គីម ធារិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិផ្សារអណ្ដែតគ្មានរបួស (ឃាត់ខ្លួនបាន) ៣.ឈ្មោះ ផល ផាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិផ្សារអណ្ដែត (រងរបួសចំក្បាលធ្ងន់) ៤.ឈ្មោះ គីម ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិផ្សារអណ្ដែតកូនម្ចាស់ផ្ទះ(គ្មានរបួស) ៥.ឈ្មោះ គង់ សុគេន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិផ្សារអណ្ដែត (រងរបួសគុំត្រចៀកធ្ងន់) ជនរងគ្រោះទាំង2នាក់ ក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
មូលហេតុ:ភាគីខាងភូមិផ្សារអណ្ដែតបាននាំគ្នាផឹកស៊ីនៅមុខផ្ទះរបស់ឈ្មោះ វ៉ាង ជន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិផ្សារអណ្ដែតតែគាត់មិននៅផ្ទះទេ នៅតែកូនៗ នៅពេលកំពុងផឹកស៊ីនៅមុខផ្ទះ ក៏មានការបាញ់ជំពាមកៅស៊ូ ចេញពីផ្ទះឈ្មោះ កែវ សារឿម ដែលជាផ្ទះនៅជាប់ព្រំប្រទល់រវាងភូមិអន្លង់ក្រាយនិងភូមិផ្សារអណ្ដែត ដោយបាញ់លើកទីមួយ ភាគីខាងផ្សារអណ្ដែតមិនតបត ហើយក៏នាំគ្នាទៅផឹកនៅក្រោមផ្ទះបន្តទៀត លុះបាញ់ជំពាមកៅស៊ូលើកទីពីរ បានត្រូវដៃ អ្នកដែលផឹកនៅក្នុងវង់ ពេលនោះភាគីកូនម្ចាស់ផ្ទះនិងអ្នកដែលមានឈ្មោះខាងលើ បាននាំគ្នាជិះម៉ូតូទៅសួរនាំ ហើយក៏មានប្រើហិង្សាកើតឡើងបណ្ដាលឱ្យមានរបួសស្នាមទាំងសងខាង។
ក្រោយទទួលបានព័ត៌មានពីលោកមេភូមិផ្សារអណ្ដែត កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ តែដោយភាគីទាំងសងខាងមានរបួស សាច់ញាតិនិងក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ឃុំបឹងខ្នារ។ សមត្ថកិច្ចបានប្រមូលវត្ថុតាងមាន កាំបិតផ្គាក់១ដើម និងដាវកែច្នៃ១ដើមយកមករក្សាទុកនៅប៉ុស្តិ៍។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានទៅសួរនាំនៅមន្ទីរពេទ្យ ហើយក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ដូចមានឈ្មោះបញ្ជាក់នៅខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ។
សមត្ថកិច្ចបានបន្តចុះស្រាវជ្រាវជុំវិញរឿងហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១.ឈ្មោះ កែវ កំសត់ ហៅ អាហើម ភេទប្រុស អាយុ២៥ឆ្នាំ (ជាជនដៃដល់គ្មានរបួស)២.ឈ្មោះ ជា សុភី ហៅអាឡុង ភេទប្រុស អាយុ១៨ឆ្នាំ (មិនមានរបួស)៣.ឈ្មោះ ហួត លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ(រងរបួសក្បាលស្រាល) ៤.ឈ្មោះ គីម ធារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ(គ្មានរងរបួស) បានធ្វើតេស្តស្វែងយករកសាធាតុញៀន ជាលទ្ធផលអវិជ្ជមាន(-)ទាំង៤នាក់ និងដកហូតវត្ថុតាងរួមមាន៖កាំបិត២ដើម.ដាវកែច្នៃ១ដើម។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់និងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបំពេញបែបបទតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី





