Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តសាទរអ្នកភូមិកោះថ្មីនាំគ្នាធ្វើត្រីឆ្អើរមួយតោនជូនវីរកងទ័ពជួរមុខនិងជនភៀសសឹកព្រំដែនកម្ពុជា-ថៃ

ខេត្តកំពង់ចាម: ក្នុងស្មារតីសាមគ្គីភាពពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅសមរភូមិក្រោយ ដោយមិននៅស្ងៀមនោះទេគឺបាននាំគ្នាធ្វើត្រីឆ្អើររាប់រយពាន់ចង្កាក់ ដើម្បីយកទៅជូនដល់វរៈកងទ័ពជួរមុខរួមទាំងជនភៀសសឹកនៅខេត្តព្រះវិហារ ។ដោយមើលឃើញសកម្មភាពល្អបែបនេះ ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមនិងសហការីបានអញ្ជើញចុះពិនិត្យមើលសកម្មភាពបងប្អូននាំគ្នាធ្វើត្រីឆ្អើរនាព្រឹកថ្ងៃទី១២ ខែមករាឆ្នាំ២០២៦ នៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន
។ជាមួយនោះរដ្ឋបាលខេត្តគ្រោងបង្កើតសហគមន៍ត្រីឆ្អើរកោះថ្មីទៀតផង។

លោកនៅ សុខ តំណាងឱ្យប្រជាពលរដ្ឋនៅភូមិកោះថ្មីរៀបរាប់ឲ្យដឹងថា: ដំបូងរូបលោកបានមើលតាមទូរសព្ទឃើញបងៗវីរៈកងទ័ពជួរមកប្រចាំទិសខេត្តព្រះវិហារ គឺមានសកម្មភាពអង់អាចខ្លាហានដោយឈរជើងទប់ទល់នឹងការឈ្លានពានពីសំណាក់កងទ័ពថៃមកលើបូរណៈភាពទឹកដីកម្ពុជា។តាមរយៈជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះក្នុងនោះមានអ្នកស្លាប់ក៏មាន ហើយមួយផ្នែកធំបានបិទទ្វារផ្ទះចាកចេញពីភូមិឋានឆ្ពោះមកកាន់កន្លែងសុវត្ថិភាពតាមតំបន់នានា។

តំណាងប្រជាពលរដ្ឋរូបនេះបានបន្តឲ្យដឹងទៀតថា ដំបូងប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាទិញត្រីទន្លេដែលគេនេសាទបានយកមកធ្វើត្រីឆ្អើរបានចំនួន ៣០០ចង្កាក់ ហើយក៏បានយកជូនដល់កម្លាំងកងពលតូចលេខ៧០នៅរាជធានីភ្នំពេញដើម្បីបែងចែកជួរមុខក្នុងខេត្តព្រះវិហារនិងឧត្តរមានជ័យ។ ក្រោមចំណងសាមគ្គីភាពបងប្អូនប្រជាពលរដ្ឋឃើញទង្វើល្អរបស់លោកក៏បានរួមគ្នាសាមគ្គីជាធ្លុងមួយដោយ ប្រឹងប្រែងធ្វើត្រីឆ្អើឲ្យបានកាន់តែច្រើនឡើងដោយគិតរហូតមកដល់ព្រឹកថ្ងៃទី១២មករាឆ្នាំ២០២៦គឺជាថ្ងៃទី៤ហើយបើគិតពីបរិមាណត្រីរៀលស្រស់ ដែលទិញពីបងប្អូននេសាទបានប្រហែលជា៤០០ គីឡូក្រាម យកមកធ្វើត្រីឆ្អើរបើគិតរហូតដល់ល្ងាចថ្ងៃ១២មករាគឺអាចលើសដល់១២០០ចង្កាក់។ ទោះបីត្រីទន្លេមេគង្គមិនសូវត្រូវក៏ក្រុមការងាររបស់លោកបានប្រឹងប្រែងទិញយកមកគឺមានប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ក្នុងភូមិក្នុងរង្វង់៣០នាក់ជាងក្នុងនោះមានទាំងបងប្អូនខ្មែរឥស្លាម បាននាំគ្នាជួយធ្វើដោយមិនគិតពីថវិកាអ្វីនោះទេ។តាមគោលការណ៍ធ្វើត្រីឆ្អើរនេះឲ្យបានមួយតោន ដើម្បីយកទៅជូនដល់បងៗវីរៈកងទ័ពជួរមុខរួមទាំងជនភៀសសឹកនៅតាមតំបន់មួយចំនួន ដែលគេចពីគ្រាប់ប្លោងរត់មករស់នៅបណ្ដោះអាសន្នតាមតំបន់សុវត្ថិភាពនានា។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២មករា គឺមានពលរដ្ឋមកជួយរហូតដល់ជិត១០០នាក់ឯណោះ ដើម្បីបង្កើនការងារឲ្យឆាប់រួចរាល់។ហើយឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក៏បានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ ព្រមទាំងបានភ្លក់រសជាតិត្រីឆ្អើរកោះថ្មីលាន់មាត់ថាមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះក៏បានឲ្យរូបលោក(នៅ សុខ)បង្កើតសហគមន៍ត្រីឆ្អើរកោះថ្មី ប្រយោជន៍ដើម្បីឱ្យមានឈ្មោះបោះសំឡេងនៅក្នុងខេត្តកំពង់ចាម ព្រមទាំងជំរុញឲ្យមានការផលិតផល១ភូមិ១ថែមទៀតផង។ត្រីឆ្អើរនេះបងៗកងទ័ពអាចទុកបានយូរថ្ងៃមិនចេះខូចហើយអាចយកមកហូបជាមួយនឹងជ្រក់ស្វាយឬប៉េងប៉ោះជាមួយនឹងបាយ ដើម្បីមានកម្លាំងឈរជើងការពារបូរណភាពទឹកដី។

តំណាងប្រជាពលរដ្ឋភូមិកោះថ្មីរូបនេះបញ្ជាក់ថា រូបលោកមានទំនុកចិត្តលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិសេសសម្ដេចតេជោនិងសម្ដេចបវរធិបតីហើយពលរដ្ឋគ្រប់ទិសទីបាននាំគ្នាបួងសួងសូមឱ្យជម្លោះព្រំដែនកម្ពុជា-ថៃ បានឆាប់វិលត្រឡប់ទៅរកសភាពដើមគឺសុខសន្តិភាពយូរអង្វែង ។ដើម្បីឱ្យពលរដ្ឋភៀសសឹកនៅតាមតំបន់មួយចំនួនបានវិលត្រឡប់ទៅកាន់លំនៅឋានវិញប្រកបរបរលក់ដូរដើម្បីដោះស្រាយជីវភាពក្រុមគ្រួសារ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×