ភ្នំពេញ ៖ ថ្ងៃទី១២ខែមករាឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំតាមអនឡាញជាមួយ លោកជំទាវ Eunice M. Tembo Luambia ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍នៃប្រទេសហ្សំប៊ីប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងជាប្រធានកិច្ចប្រជុំលើកទី ២៣ នៃរដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រេីប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) រួមជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU)។
តាងនាមឱ្យ សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងការអបអរសាទរចំពោះការចូលកាន់តំណែងជាប្រធានអនុសញ្ញា និងបានបញ្ជាក់ជាថ្មីនូវទំនុកចិត្តពេញលេញចំពោះភាពជាអ្នកដឹកនាំ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សាសុចរិតភាពមនុស្សធម៌នៃអនុសញ្ញា។
ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់លើការអនុលោមភាពតាមអនុសញ្ញាយូរអង្វែងរបស់កម្ពុជា និងការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជាចំពោះសកម្មភាពមីនសកល ខណៈពេលដែលបានគូសបញ្ជាក់ថា អនុសញ្ញានេះត្រូវតែនៅតែជាឧបករណ៍មនុស្សធម៌។
ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាណាមួយតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសិទ្ធិអំណាច ភាពជឿជាក់ និងភាពសុចរិតនៃអនុសញ្ញា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងពិភពលោកដែលគ្មានមីនដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។
ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវភាពជោគជ័យនៃអាណត្តិប្រធានអនុសញ្ញាអូតាវ៉ារបស់ប្រទេសហ្សំប៊ី៕ រក្សាសិទ្ធដោយ៖សុទ្ធលី



