ខេត្តកំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ជម្រុញសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី ស្រាវជ្រាវវែករកមុខសញ្ញាជនល្មើសដែលឆ្លៀតឱកាសលួចកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងពេលដែលកងកម្លាំងកំពុងជាប់ដៃក្នុងភារកិច្ចការពារបូរណភាពទឹកដី ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជម្រុញសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុក ចាត់វិធានការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដែលលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងឱកាសដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមួយផ្នែក ត្រូវបានទទួលបទបញ្ជាក្នុងការទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលកន្លងទៅ ។ ប្រសាសន៍នេះត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន លើកឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្នុងពេលដឹកនាំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមជាមួយអាជ្ញាធរដែនដី ឃុំ ស្រុក ទៅត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើថ្មីៗ ចំនួន ៤៥ ហិកតា ដែលជាដីបម្រុងទុករបស់រដ្ឋ នៅក្នុងតំបន់អូតាលោក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា៖ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅនេះ គណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដោយមានកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នជំនាញមានការពាក់ព័ន្ធ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងការពារ ទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ។ ព្រមជាមួយនោះក៏បានគ្រប់គ្រងផ្ទៃដីដែលដកហូតយកបានពីជនល្មើស ដែលលួចកាត់ទន្ទ្រាននាបណ្ដាឆ្នាំកន្លងទៅ ចំនួនជាង បួនពាន់ហិកតា រក្សាទុកជាដីរបស់រដ្ឋ ដើម្បីឲ្យព្រៃឈើធម្មជាតិដុះលូតលាស់ឡើងវិញ និងផ្ទៃដីមួយផ្នែកទៀត ត្រូវបានដាំស្ដារព្រៃឈើឡើងវិញផងដែរ។ជាមួយនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តរួមសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងការគ្រប់គ្រងថែរក្សាព្រៃឈើ ដែលបានលួចកាប់ទន្ទ្រាននេះឱ្យបាន ដើម្បីស្ថាប័នមានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ។
នៅក្នុងឱកាសនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានប្រគល់ជូនប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿនឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងដែលប្រចាំការ ការពារ នៅតំបន់អូតាលោក ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងជាមធ្យោបាយក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យបានដាច់ខាតមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ។ រក្សាសិទ្ធដោយ៖សុទ្ធលី










