ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសផលិតករភាពយន្តឯកសារជនជាតិអូស្ត្រាលី ដាក់ពន្ធនាគារ៦ឆ្នាំ។ លោក James Staniforth Ricketson អាយុ ៦៨ឆ្នាំ ដែលជាប់ចោទពីបទចារកម្ម ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ
ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមការផ្សាយរបស់អង្គការអាដហុក បានឲ្យដឹងថា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នេះ លោក ជែមស៍ រីកឃីតសុន (James Ricketson) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ។
ការផ្តន្ទាទោសនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ដែលប្រព្រឹត្តទៅអស់យៈពេល៧ថ្ងៃ។ លោក ជែមស៍ រីកឃីតសុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅសួនច្បារក្បែរព្រះបរមរាជវាំង ជិតផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ភ្លាមៗបន្ទាប់ពីលោកបានបង្ហោះ ឧបករណ៍ថតរូបឬវីដេអូ(ដ្រូន ) ពីលើអាកាសដោយថតយកព្រឹត្តិការណ៍ដង្ហែរក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ នាពេលនោះ។
លោក ជែមស៍ រីកឃីតសុន ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរងចាំសវនាការ អស់រយៈពេលជាង១៤ខែកន្លងមកហើយ នៅពន្ធនាគារព្រៃស ដោយត្រូវបានចោទប្រកាន់ពីបទ ប្រមូលផ្ដុំព័ត៌មាន ជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ តាមមាត្រា ៤៤៦ និងមាត្រា ៤៣៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ បញ្ញាស័ក្តិ