Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តមិនអនុញ្ញាតឲ្យមានផ្ទះត្រចៀកកាំនៅក្នុងក្រុងកំពង់ចាមទៀតទេ

ខេត្តកំពង់ចាម: “ចំពោះផ្ទះចិញ្ចឹមត្រចៀកកាំគឺមិនអនុញ្ញាតឲ្យមាននៅក្នុងក្រុងកំពង់ចាមទៀតនោះទេ ហើយបើចង់ចិញ្ចឹមត្រូវតែសុំច្បាប់ទៅមន្ទីរកសិកម្មខេត្តដើម្បីធ្វើអាជីវកម្ម។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តលើកឡើងនៅក្នុងកិច្ចប្រជុំការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ព្រឹកថ្ងៃទី២៣មករា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្ត។ជាមួយនោះក៏មានការចូលរួមពីមន្ត្រីស្ថាប័នអង្គភាពមួយចំនួនក្នុងក្រុងកំពង់ចាមរាប់រយនាក់។

អ៊ំស្រីឈ្មោះទ្រី អូន អាយុ៧១ឆ្នាំរស់នៅក្នុងក្រុងកំពង់ចាម បានប្រាប់តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី២៣មករាថា: ក្រោយពីប្រជាជនបាននាំគ្នាដាក់ពាក្យបណ្ដឹងផ្ទះចិញ្ចឹមត្រចៀកកាំរបស់ឈ្មោះឃុន នៅលើសំណង់ផ្ទះល្វែងដែលបានបង្កសំឡេងរំខាននៅពេលយប់ៗដែលធ្វើឲ្យប៉ះពាល់ដំណេកហើយពេលដែលគេលាងលាមកត្រចៀកកាំគឺបានជះក្លិនពិបាកក្នុងការដកដង្ហើម។

អ៊ំស្រីបានបន្តឲ្យដឹងទៀតថា ក្រោយមកលោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានចេញលិខិតមួយច្បាប់ជម្រាបមកម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំស្ថិតនៅក្នុងភូមិទី៩ សង្កាត់កំពង់ចាមក្រុងកំពង់ចាម ដោយបានបិទមិនឱ្យធ្វើអាជីវកម្មបន្តទៀតនោះទេ។ប្រជាពលរដ្ឋមានភាពសប្បាយរីករាយពេលដែលទទួលបានលិខិតនេះ តែភាពស្ងប់ស្ងាត់មិនបានយូរនោះទេគឺម្ចាស់អាជីវកម្មនេះនៅតែផ្គើនដោយបើកសំឡេងត្រចៀកកាំស្រែកតិចៗនៅពេលព្រឹកហើយក្នុងរយៈពេលមួយខែ ពេលដែលគេលាងផ្ទះត្រចៀកកាំធ្វើឲ្យក្លិនថ្នាំជះមកចូលតាមបង្អួចក្រោយផ្ទះរបស់គាត់តែក្លិននោះរាងស្រាលជាងមុន ដែលបង្កប៉ះពាល់ដល់ផ្លូវដង្ហើម។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍គូសបញ្ជាក់ថាចំពោះបញ្ហាផ្ទះត្រចៀកកាំដែលធ្វើអាជីវកម្មក្នុងក្រុងកំពង់ចាមគឺមិនអនុញ្ញាតឲ្យមានបន្តទៀតនោះទេ។ដូច្នេះបើមានបងប្អូនណាដែលចង់ចិញ្ចឹមត្រូវតែទាក់ទងសុំច្បាប់មកមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម ដើម្បីដំណើរការអាជីវកម្មតែត្រូវស្ថិតនៅជាក្រុងកំពង់ចាមដោយសំឡេងមិនប៉ះពាល់រំខានដល់ពលរដ្ឋឡើយ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×