តាកែវ ៖ សិស្សនិទ្ទេស A ចំនួន ៩នាក់ ក្នុងចំណោម ២៤នាក់ដែលបានប្រឡងជាប់បាក់ឌុប កាលពីពេលថ្មីៗនេះ ក្នុងខេត្តតាកែវ ត្រូវបានម្ចាស់ហាងកាហ្វេឌីនី និងលោក សៅ សាម៉ន រួមជាមួយរៀមចម្បងឆ្នើមៗជាច្រើននាក់ក្នុងខេត្តតាកែវ អញ្ជើញមកញុំអាហារសាម្គី រួមគ្នានៅនៅអាហារដ្ឋានឌីនី ដើម្បីជាការលើកទឹកចិត្ត និងផ្តល់ជាបទពិសោធន៏ល្អៗដល់ប្អូនៗដែលជាសិស្សឆ្នើម ក្នុងចំនោមសិស្សជាង ១ម៉ឺននាក់ ដែលបានប្រឡងជាប់និទ្ទេស A ក្លាយជាសិស្សគំរូ ។ ការពិសារអាហារសាម្គីនេះ គឺបានធ្វើឡើងនៅថ្ងៃទី ២២ ខែកញ្ញា ២០១៨ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក ហម និម៉ុន អនុប្រធានមន្ទីរអប់រំយវុជននិងកីឡាខេត្តតាកែវ លោក អ៊ុយ សំអាត អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងលោក សេង សុធារា ប្រធានការិយាល័យសិក្សាវិទ្សាស្ថានតេជោសែនតាកែវ ។
ថ្លែងនៅក្នុងការហូបអាហារសាម្គីរួមគ្នានេះដែរលោក សៅ សាមន ដែលជាអ្នកផ្តួចផ្តើមគំនិតនេះឡើងបាននិយាយថា កម្មវិធីហូបអាហារនេះគឺគ្រាន់តែជាការលើកទឹកចិត្តដល់ប្អូនៗទាំងអស់ដែលបានប្រឹងប្រែងរៀនសូត្រ រហូតសម្រេចបាននៅក្តីបំណងរបស់ពួកគេ តែប៉ុណ្ណោះ ។ ហើយចំពោះអ្វីដែរពិសេសនោះ ប្អូនៗដែលបានមកចូលរួមក្នុងថ្ងៃនេះ គឺទទួលនៅបទពិសោធន៏ល្អៗច្រើនចេញ ពីចាស់ព្រឹត្តិចារ្យ និងបុគ្គលជោគជ័យមួយចំនួន នៅក្នុងខេត្ត ហើយចំពោះបទពិសោធន៏ទាំងអស់នេះគឺសុទ្ធសឹង តែជាការបង្ហាញផ្លូវដើរដល់ប្អូនៗទាំងអស់គ្នា ដើម្បីឆ្ពោះទៅរកភាពជោគជ័យទៅថ្ងៃអនាគតរបស់ពួកគេ ។
លោកបានបន្តថា ចំពោះការពិសារអាហារសាម្គីនេះ គឺលោករួមជាមួយមិត្តភ័ក្ត ដែលស្រឡាញ់ក្នុងវិស័យអប់រំនេះនិងបន្តចាំជួយលើកទឹកចិត្តដល់ពួកគេ និងរៀបចំការហូបអាហារសាម្គីនេះជារៀងរាល់ឆ្នាំដល់ប្អូនៗដែលប្រឡងបាក់ឌុបជាប់បាននិទ្ទេស A ។
ប្អូនប្រុស សៅ វិសាល នៅវិទ្យាល័យជាស៊ីតាកែវ តំណាងក្រុមសិស្សនិទ្ទេស A ទាំងអស់បានសំដែងនៅក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការផ្តល់នូវភាពកក់ក្តៅក៏ដូចជាការលើកទឹកចិត្តតាមរយៈការហូបបាយសាម្គីរួមគ្នាជាមួយចាស់ព្រឹត្តិចារ្យ និងបងៗដែលជាបុគ្គលជោគជ័យក្នុងថ្ងៃនេះ មិនតែប៉ុណ្ណោះរូបគេរួមជាមួយនិងមិត្តភ័ក្ត បានទទួលនៅគំនិតល្អៗ បទពិសោធន៏ច្បាស់លាស់ ដែលជាគោលដៅមួយសម្រាប់តម្រុងទិស ទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ ដូចបុគ្គលដទៃដែរ ៕ តាកែវ